សេចក្តីសម្រេចចិត្តលេខ ១០ ចុះថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការត្រិះរិះទាក់ទាញការវិនិយោគពីបរទេស ដោយផ្លាស់ប្តូរពីការផ្តល់អាទិភាពដល់ទំហំដើមទុន ទៅជាការឲ្យតម្លៃដល់បច្ចេកវិទ្យា អភិបាលកិច្ច នវានុវត្តន៍ និងឥទ្ធិពលទៅលើសេដ្ឋកិច្ច។ សេចក្តីសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងការត្រិះរិះអភិវឌ្ឍន៍ ដោយមិនមែនគ្រាន់តែជាការបើកទ្វារទទួលបានលំហូរដើមទុនទៀតហើយ ប៉ុន្តែម្ចាស់ការជ្រើសរើស និងប្រើប្រាស់ធនធានអន្តរជាតិ ដើម្បីកសាងសមត្ថភាពប្រកួតប្រជែងជាតិ។

សេចក្តីសម្រេចចិត្តលេខ ១០ ត្រូវបានការិយាល័យនយោបាយចេញផ្សាយដោយផ្អែកលើមូលដ្ឋាននៃការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលជំហររបស់បក្សកុម្មុយនិស្តវៀតណាមអំពីការបើកទ្វារចំហ និងទាក់ទាញការវិនិយោគពីបរទេស។

ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាក្នុងការត្រិះរិះអំពីការវិនិយោគពីបរទេស

នៅក្នុងសន្និសីទដើម្បីជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១០ ដែលបានធ្វើឡើងនាថ្ងៃទី ៣០ ខែមិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងថា ទំហំនាំចូលនិងនាំចេញសរុបរបស់វៀតណាមនាបច្ចុប្បន្ន ស្មើជាង ១៨០% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះវិស័យ FDI ស្រូបយកប្រហែល ៧៥% នៃទំហំនាំចេញ។ តួរលេខទាំងនេះឆ្លុះបញ្ចាំងពីតួនាទីកាន់តែសំខាន់របស់វិស័យសេដ្ឋកិច្ចដែលមានការវិនិយោគពីបរទេសចំពោះកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងនៃការទាក់ទាញ FDI ក្នុងប៉ុន្មានឆ្នាំកន្លងមក លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានចាត់ទុកថា វាដល់ពេលហើយដែលប្រទេសវៀតណាមត្រូវផ្លាស់ប្ដូរ។

“សព្វថ្ងៃនេះ ប្រទេសវៀតណាមមានឋានៈថ្មីមួយ។ យើងលែងសួរពីរបៀបទាក់ទាញដើមទុនបរទេសបន្ថែម ទៀតហើយ។ ជំនួសវិញ យើងត្រូវតែឆ្លើយសំណួរដែលពិបាកជាងនេះទៅទៀតដែលថា តើគួរប្រើប្រាស់ធនធានបរទេសយ៉ាងដូចម្ដ៉េច ដើម្បីបង្កើនកម្លាំងផ្ទៃក្នុង លើកកំពស់បច្ចេកវិទ្យា សមត្ថភាពបច្ចេកវិទ្យា សមត្ថភាពប្រកួតប្រជែង និងភាពខ្លួនទីពឹងខ្លួនផ្នែកសេដ្ឋកិច្ច”។

នេះគឺជាណុចខុសគ្នារវាងសេចក្តីសម្រេចចិត្តលេខ ១០ បើធៀបនឹងគោលជំហរមុនៗ។ ប្រសិនបើពីមុន ការផ្តោតសំខាន់គឺលើការបើកទ្វារដើម្បីទាក់ទាញដើមទុន ឥឡូវនេះគោលដៅខ្ពស់ជាងនេះគឺការប្រើប្រាស់ធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មានប្រសាសន៍ថា៖

“គោលដៅនៃការទាក់ទាញការវិនិយោគពីបរទេសក្នុងដំណាក់កាលបច្ចុប្បន្ន គឺការប្រែក្លាយធនធានទាំងនោះទៅជាសមត្ថភាពនៃសេដ្ឋកិច្ចវៀតណាម។ បើចង់ធ្វើបានដូច្នេះ សហគ្រាសឯកជនក្នុងស្រុកត្រូវតែមានលក្ខខណ្ឌដើម្បីចូលរួម រៀនសូត្រ និងឈានឡើងបន្តិចម្តងៗនៅក្នុងខ្សែសង្វាក់តម្លៃ។ សេដ្ឋកិច្ចរដ្ឋត្រូវតែវិនិយោគ និងដឹកនាំនៅក្នុងវិស័យជាមូលដ្ឋាន យុទ្ធសាស្ត្រ ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងសក្ដានុពលអភិវឌ្ឍន៍សម្រាប់វិស័យផ្សេងទៀត។ វិស័យសេដ្ឋកិច្ចទាំង៣ពោលខាងលើ មិនអភិវឌ្ឍន៍ដោយឯកោទេ ប៉ុន្តែត្រូវតែសហការនិងបំពេញបន្ថែមគ្នាក្នុងយុទ្ធសាស្ត្ររួមមួយ”។

ពីការទាក់ទាញដើមទុនរហូតដល់ការស្ថាបនាសមត្ថភាពអភិវឌ្ឍន៍

ទិសដៅនានានៃសេចក្តីសម្រេចចិត្តលេខ ១០ ទទួលបានការគាំទ្រពីសហគមន៍ធុរកិច្ចអន្តរជាតិ។ លោក Dominic Scriven ស្ថាបនិក និងជាប្រធានមូលនិធិ Dragon Capital បានចាត់ទុកថា៖

“តាមទស្សនៈរបស់យើង សេចក្តីសម្រេចចិត្តនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិនបរទេស ពីព្រោះវាចែងថា ដើមទុនរបស់សហគ្រាសដែលមានការវិនិយោគពីបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីសេដ្ឋកិច្ចវៀតណាម។ ដូច្នេះ វិនិយោគិនទទួលបានការប្រព្រឹត្តដោយសមភាព។ ប្រការនេះពិតជាសំខាន់ណាស់សម្រាប់វិនិយោគិនបរទេស។ សេចក្តីសម្រេចចិត្តលេខ ១០ សង្កត់ធ្ងន់ថា អ្វីដែលសំខាន់មិនត្រឹមតែជាដើមទុនសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាជាដើមទុនដែលអមដោយគុណភាព បច្ចេកវិទ្យា ការផ្ទេរបច្ចេកវិទ្យា និងវិធានការអភិបាលកិច្ចជឿនលឿនផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយយ ដោយបានឃើញថា សេចក្តីសម្រេចចិត្តលេខ ១០ បានកំណត់ទីផ្សារមូលធនជាផ្នែកមួយ ហើយវិនិយោគិននៅក្នុងទីផ្សារមូលធនជាផ្នែកសំខាន់មួយទៀតនៃសេដ្ឋកិច្ច”។

ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ រួមជាមួយនឹងការកែលម្អស្ថាប័ននៅកម្រិតមជ្ឈិម បណ្ដាមូលដ្ឋានក៏កំពុងកសាងកម្លាំងចលករថ្មីៗសម្រាប់កំណើន។ ជាមូលដ្ឋានឈានមុខគេនៅក្នុងប្រទេសក្នុងការទាក់ទាញ FDI ទីក្រុងហូជីមិញបានកំណត់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាដំណោះស្រាយយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញលំហូរដើមទុនដែលមានគុណភាពខ្ពស់ក្នុងរយៈពេលខាងមុខ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន វ៉ាន់ឌឿក បានចាត់ទុកថា៖

“ទីមួយ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនឹងជាកន្លែងដាក់ទីស្នាក់ការកណ្ដាលរបស់មូលនិធិវិនិយោគសកល ធនាគារវិនិយោគ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អង្គភាពទាំងនេះមានសមត្ថភាពនាំលំហូរមូលធនរយៈពេលវែងចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់វៀតណាម ក៏ដូចជាទីក្រុងហូជីមិញផងដែរ។ ទីពីរ យើងនឹងទទួលបានតម្លៃអរូបីនៃ FDI។ ប្រសិនបើលំហូរមូលធនជាតម្លៃរូបីនោះ គឺតម្លៃអរូបីស្ថិតនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ សមត្ថភាពអភិបាលកិច្ចជឿនលឿន ស្តង់ដារតម្លាភាពអន្តរជាតិ ប្រព័ន្ធទិន្នន័យបណ្តាញអ្នកជំនាញ និងសមត្ថភាពតភ្ជាប់ខ្សែសង្វាក់តម្លៃសកល។ ទីបី មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនឹងបើកឱកាសសម្រាប់សហគ្រាសវៀតណាម ដើម្បីខិតជិតមកប្រភពមូលធនសកលក្នុងតម្លៃសមរម្យ និងជួយពួកគេចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃផងដែរ”។

ចំណុចថ្មីដ៏ធំបំផុតនៃសេចក្តីសម្រេចចិត្តលេខ ១០ មិនមែនជាការពង្រីកអនុគ្រោះវិនិយោគនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការត្រិះរិះអភិវឌ្ឍ។ ស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១០ គឺច្បាស់លាស់។ ការទាក់ទាញការវិនិយោគបរទេសមិនមែនដើម្បីជំនួសកម្លាំងផ្ទៃក្នុងនោះទេ ប៉ុន្តែដើម្បីពង្រឹងកម្លាំងផ្ទៃក្នុងនិងបង្កើនភាពខ្លួនទីពឹងខ្លួន; មិនត្រឹមតែដើម្បីរកកំណើនយ៉ាងឆាប់រហ័សនោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានគុណភាពខ្ពស់។ នេះ​គឺជា​សារផង​ និង​ជាទិសដៅ​ខ្ជាប់ខ្ជួនផង ដើម្បីឲ្យ​វិស័យ​សេដ្ឋកិច្ចដែលមានការ​វិនិយោគ​ពី​បរទេស បន្ត​អមដំណើរ​ជាមួយ​វៀតណាម​លើដំណើរអភិវឌ្ឍន៍​ថ្មី​៕