រូបថត៖ VGP

វិធីសាស្រ្តអភិក្រមនៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ (សេចក្តីសម្រេចចិត្តលេខ ៧៩) គឺជាវិធីសាស្រ្តផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ។ ផ្នត់គំនិតគ្រប់គ្រងរបស់សហគ្រាសរដ្ឋ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីគោលដៅនៃការរក្សាទ្រង់ ទ្រាយទៅជាគោលដៅនៃការបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ច។

ប្តេជ្ញាលុបបំបាត់យ៉ាងម៉ឺងម៉ាត់រាល់ចំណុចកក់ស្ទះ

ពីស្ថានភាពជាក់ស្តែងនៃរយៈពេល ៤០ឆ្នាំផ្លាស់ប្តូរថ្មី សហគ្រាសរដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ដោយរួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវតុល្យភាពធំៗនៃសេដ្ឋកិច្ច។ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត ង្វៀន ឌីញ គុង អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) បានថ្លែងថា៖ “សហគ្រាសរដ្ឋបានធានានូវតុល្យភាពធំៗ នៃសេដ្ឋកិច្ច ជាពិសេសតុល្យភាពអំពីថាមពល ធានាសន្តិសុខថាមពល។ ទន្ទឹមជាមួយគ្នានោះ សហគ្រាសរដ្ឋក្នុងវិស័យដូចជា ហិរញ្ញវត្ថុ ធនាគារ និងទូរគមនាគមន៍ គឺជាសហគ្រាសឈានមុខគេយ៉ាងពិតប្រាកដ និងកំពុងដឹកនាំការអភិវឌ្ឍលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច។ ថ្វីត្បិតដូច្នេះក៏ដោយ ត្រួវតែបន្តធ្វើកំណែទម្រង់បន្ថែមទៀត នៅក្នុងវិស័យសហគ្រាសរដ្ឋ ដើម្បីឱ្យវិស័យនេះ អាចចូលរួមចំណែក និងដើរតួនាទីកាន់តែធំ និងមានប្រសិទ្ធភាពជាង ក្នុងការបំពេញភារកិច្ចដែលរដ្ឋប្រគល់ជូន”។

ដោយបញ្ជាក់ពីគុណសម្បត្តិដែលសហគ្រាសរដ្ឋកំពុងក្តាប់ជាប់ លោកបណ្ឌិត ង្វៀន ឌឹក គៀន អតីតអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានអះអាងថា ការកំណត់តួនាទីនាំមុខគេរបស់សហគ្រាសរដ្ឋ ក្នុងការបង្កើតខ្សែសង្វាក់តម្លៃសម្រាប់សេដ្ឋកិច្ច គឺមានសារៈសំខាន់ខ្លាំងណាស់៖ “ដើមទុនវិនិយោគសរុប និងចំណែកពន្ធរបស់សហគ្រាសរដ្ឋគឺ ១២,២% ប៉ុន្តែការវិនិយោគសរុបរបស់សហគ្រាសរដ្ឋ ក្នុងការអភិវឌ្ឍផលិតកម្មឈានដល់ ២៧,៥%។ ដូច្នេះ ការវិនិយោគសរុបលើដើមទុនរបស់សហគ្រាសរដ្ឋ គឺខ្ពស់ជាងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI) និងសមាសភាពសេដ្ឋកិច្ចផ្សេងទៀត។ នេះគឺជាគុណសម្បត្តិរបស់សហគ្រាសរដ្ឋ នៅពេលអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

ស្មារតីស្នូលនៃសេចក្តីសម្រេចលេខ ៧៩ គឺដើម្បីលុបបំបាត់រាល់ចំណុច “កក់ស្ទះ” ដែលមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សេចក្តីសម្រេចនេះ ក៏សង្កត់ធ្ងន់លើការភ្ជាប់ការទទួលខុសត្រូវរបស់ប្រមុខ ទៅនឹងផលិតកម្ម និងលទ្ធផលអាជីវកម្ម ដោយចាត់ទុកថា នេះជាកត្តាសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរសំជាក់ស្តែងក្នុងអភិបាលកិច្ចសហគ្រាសរដ្ឋ។

សេចក្តីសម្រេចលេខ ៧៩ បើកចេញក្របខ័ណ្ឌថ្មីសកម្មភាពថ្មី

ទន្ទឹមនឹងការកំណត់អត្តសញ្ញាណនិងលុបបំបាត់រាល់ ចំណុចកកស្ទះ” ដែលមានជាយូរមកហើយ សេចក្តីសម្រេចលេខ ៧៩ កំណត់គោលដៅជាក់ស្តែងគឺ៖ ដល់ឆ្នាំ ២០៣០ ត្រូវខិតខំឱ្យមានសហគ្រាសរដ្ឋចំនួន ៥០ នៅក្នុងក្រុមសហគ្រាសធំបំផុតទាំង ៥០០ នៅអាស៊ីអាគ្នេយ៍ និងសហគ្រាសរដ្ឋចំនួន ១-៣ នៅក្នុងក្រុមសហគ្រាសធំបំផុតទាំង ៥០០ នៅលើពិភពលោក។ ជាមួយគ្នានេះ យើងត្រូវកសាងក្រុមសេដ្ឋកិច្ច និងសហគ្រាសរដ្ឋមួយចំនួនដែលមានការប្រកួតប្រជែងក្នុងតំបន់និងអន្តរជាតិ ដោយដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងដឹកនាំសហគ្រាសក្នុងប្រទេស ឱ្យចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផលិតកម្ម ជាពិសេសនៅក្នុងវិស័យយុទ្ធសាស្ត្រសំ ខាន់ៗនៃសេដ្ឋកិច្ច។ លោក ហ្វាម ទួន អាញ់ សមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងឋាមពលជាតិវៀតណាម (Petrovietnam) ដែលជាសហគ្រាសជាតិមួយកំពុងមានការប្តេជ្ញាចិត្តចុះឈ្មោះក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ របស់ពិភពលោកនៅឆ្នាំ ២០៣០ បានសំណេះសំណាលថា៖ “សហគ្រាសនានាត្រូវធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែង ការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលលក្ខណៈវិនិច្ឆ័យបៃតងទៅក្នុងការវាយតម្លៃប្រសិទ្ធភាពរបស់សហគ្រាស។ អ្វីដែលសំខាន់នោះគឺ ការផ្លាស់ប្តូរគំរូអាជីវកម្ម និងវិនិយោគ ពោលគឺ ផ្លាស់ប្តូរពីគំរូអាជីវកម្មប្រពៃណីទៅជាគំរូដែលផ្អែកលើសេវាកម្ម តម្លៃទិន្នន័យ និងវេទិកា ដែលបង្កើនសមាមាត្រនៃការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍។ ខ្លឹមសារមួយទៀតគឺការធ្វើអន្តរជាតិវូបនីយកម្មនៃអាជីវកម្ម។ សហគ្រាសរដ្ឋមិនត្រឹមតែគួរបម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាអ្នកនាំចេញបច្ចេកវិទ្យា និងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ និងសហការជាមួយដៃគូសកលក្នុងការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា”។

សេចក្តីសម្រេចលេខ ៧៩ បានបើកចេញ "ក្របខ័ណ្ឌសកម្មភាព" ថ្មីសម្រាប់សហគ្រាសរដ្ឋនៅក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ត។ វត្តមាន និងការអភិវឌ្ឍរបស់សហគ្រាសរដ្ឋមិនត្រឹមតែត្រូវបានវាស់វែងដោយទំហំនៃទ្រព្យសកម្ម ឬចំនួនសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយវិសាលភាពនៃការចូលរួមចំណែកជាក់ស្តែង ចំពោះកំណើន សមត្ថភាពប្រកួតប្រជែងជាតិ និងសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដូច្នេះ នវានុវត្តន៍លែងជាជម្រើសទៀតហើយ ប៉ុន្តែជាមធ្យោបាយតែមួយគត់សម្រាប់សហគ្រាសរដ្ឋ ដើម្បីបន្តកាន់តំណែងស្នូលនៅក្នុងសេដ្ឋកិច្ច៕