អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅ​ថ្ងៃទី ៣ ខែមិថុនា​បាន​ព្រមាន​ថា ជម្លោះនៅមជ្ឈិមបូ​ព៌ាកំ​ពុ​ងធ្វើឱ្យខូចខាត់​ដល់​យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោក ហើយអាចបង្កផលវិបាក​ធ្ងន់ធ្ងរជាង ប្រសិនបើភាគីទាំងពីរមិនឈានដល់​ប​ទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពមុនឆ្នាំ ២០២៧។

ហានិភ័យអូសបន្លាយ

នៅក្នុងរបាយការណ៍​យថាទស្សន៍សេដ្ឋកិច្ចរបស់​ខ្លួន OECD បានព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ ២០២៥ មកត្រឹម ២,៨% ក្នុងឆ្នាំ ២០២៦ មុនពេល​ងើបឡើងវិញមកត្រឹម ៣,១% ក្នុងឆ្នាំ ២០២៧ ក្រោមសេណារីយ៉ូ​ជា​មូលដ្ឋាន។ អង្គការនេះបានបញ្ជាក់ថា ការព្យាករណ៍គឺផ្អែកលើសេណា​រីយ៉ូសំខាន់ចំនួន​ពីរ៖ សេណារីយ៉ូនៃការរំខានរយៈពេលខ្លី ដែលក្នុង​នោះ ផលប៉ះពាល់នៃជម្លោះត្រូវបានគ្រប់គ្រង ហើយតម្លៃថាមពលមាន​ស្ថេរភាព​ជាបណ្ដើរៗចាប់ពីពា​ក់កណ្តាលឆ្នាំ ២០២៦; និងសេណារីយ៉ូនៃការរំខាន​រយៈពេលវែង ជាមួយនឹងផលវិបាកសេដ្ឋកិច្ចដ៏​ធ្ងន់ធ្ងរ និងយូរអង្វែងជាង។

ក្នុងករណីដែលជម្លោះបន្ត​អូបន្លាយ​ដល់ឆ្នាំ ២០២៧ កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះបន្ថែមទៀត មកត្រឹម ២,១% ដែលទាបជាងមធ្យមភាគ ៣,៤% ក្នុង​ដំណាក់កាលឆ្នាំ ២០១៣-២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩​។ OECD បានព្រមានថា អស្ថេរភាពកាន់តែយូរ ការចំណាយសេដ្ឋកិច្ច និងសង្គមកាន់តែខ្ពស់។ អង្គការនេះក៏បានកត់ សម្គាល់ថា តម្លៃថាមពល ជី និងផលិតផលទាក់ទងនឹងប្រេងឧស្ម័នរក្សា​នៅកម្រិត​ខ្ពស់ នឹងដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ សម្រាប់សេដ្ឋកិច្ចធំៗ កំណើនរបស់សហរដ្ឋអាមេរិកត្រូវបានព្យាករថា នឹងថយចុះមកត្រឹម ២% នៅឆ្នាំនេះ និង ១,៨% នៅឆ្នាំ ២០២៧។ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ GDP របស់​តំបន់ទាំងមូល​ត្រូវបានព្យាករណ៍មាន​កំណើន ០,៨% នៅឆ្នាំនេះ ធ្លាក់ចុះពីកម្រិត​ ១,៤% កាលពីឆ្នាំមុន ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល។ សេណារី​ដែលជម្លោះនៅមជ្ឈិមបូព៌ា​អូសបន្លាយក៏​មាន​ផលប៉ះពាល់អាក្រក់ជាពិសេស​សម្រាប់​សេដ្ឋកិច្ចអាស៊ី​ផងដែរ​។ លោក Stefano Scarpetta ប្រធានសេដ្ឋវិទូ​នៃ OECD បានវិភាគថា៖ “សេដ្ឋកិច្ចអាស៊ីនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងសេណារីយ៉ូ​នៃការរំខាន​រយៈពេល​វែង។ ជាទូទៅ សេដ្ឋកិច្ចអាស៊ីពឹងផ្អែក​យ៉ាង​ខ្លាំងលើផ​លិតផល​ថា​មពលពីតំបន់​ឈូងសមុទ្រពែរ្ស។ អាច​មើល​ឃើញ​ថា កំណើនសេដ្ឋកិច្ចកំពុងថយចុះគួរឱ្យកត់សម្គាល់។ នេះគឺជាភាពខុសគ្នាដ៏សំខាន់​បើប្រៀបធៀបទៅនឹងសេណារីយ៉ូនៃការរំខានរយៈពេល​ខ្លី។”​​

មិនត្រឹមតែយថា​ទស្សន៍កំណើនកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ OECD ក៏សង្កត់​ធ្ងន់លើ ហានិភ័យនៃអតិផរណា​ទៀត​ផង​។ ជាក់​ស្តែង OECD បាន​ព្យាករណ៍ថា អតិផរណាស​កល​នឹ​ងកើនឡើង ០,៤% នៅឆ្នាំនេះ និង ១,៣​% នៅឆ្នាំ ២០២៧។

ការវិភាគថ្មីបំផុតរបស់ OECD បាន​បញ្ជាក់ពី​ការវាយតម្លៃ​នាពេល​ថ្មីៗនេះ របស់អង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងអង្គការសហប្រជាជាតិ (UN) ដែល​ថា ជម្លោះ​នៅ​មជ្ឈិមបូព៌ា​អូសបន្លាយ កំពុងរារាំងដល់យថាទស្សន៍កំណើនសកល។ នៅក្នុងកិច្ចប្រជុំនិទាឃរដូវរបស់ IMF និង WB នៅពាក់កណ្តាលខែមេសា IMF ក៏បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣,១% នៅឆ្នាំនេះ ថយចុះ ០,២% បើប្រៀបធៀបទៅនឹងការព្យាករណ៍ក្នុងខែមករា។ នៅក្នុងសេណារីយ៉ូ​ដ៏អាក្រក់បំផុតរបស់ IMF ដែលតម្លៃប្រេង និងឧស្ម័ន​ធម្មជាតិនៅតែខ្ពស់រហូតដល់ឆ្នាំ ២០២៧ កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងសម្រេចបានត្រឹមតែ ២% ប៉ុណ្ណោះ មានន័យថា កំពុង "ខិតជិតដល់វិបត្តិសេដ្ឋកិច្ច​"។

យុថ្កាបច្ចេកវិទ្យា

ទោះបី​ជាបានសង្កត់ធ្ងន់លើ​ភាពមិនអាចទាយទុកជាមុនបាននៃជម្លោះនៅ​មជ្ឈិមបូព៌ា និងផលប៉ះពាល់រយៈពេលវែងលើយថា​ទស្សន៍សេដ្ឋកិច្ចពិភពលោក សូម្បីតែបន្ទាប់ពីជម្លោះបានបញ្ចប់ក៏ដោយ OECD ក៏ចាត់ទុកថា នៅតែមាន "យុថ្កា" ដែលអាចជួយសេដ្ឋកិច្ចពិភពលោកងើបឡើងវិញក្នុងពេលឆាប់ៗនេះ។ យុថ្កាមួយ គឺការវិនិយោគលើបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត។ យោងតាមប្រធានសេដ្ឋវិទូ Stefano Scarpetta ទោះបីជាមានការព្រួយបារម្ភអំពីហានិភ័យនៃ "ពពុះ AI" ក៏ដោយ នេះនៅតែជាវិស័យដ៏សំខាន់សម្រាប់កំណើន៖ "មិនមានសញ្ញាណាមួយដែលបង្ហាញថា សន្ទុះកំណើន​កំពុងថយចុះនោះទេ។ ប្រសិនបើក្រឡែកមើលផែនការវិនិយោគរបស់ក្រុមហ៊ុន AI ធំៗ សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំ ២០២៧ តួរលេខទាំង​នេះត្រូវបានរំពឹងថា នឹងកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំ ២០២៥។ ដូច្នេះហើយ ទាំងនេះគឺជាការវិនិយោគដ៏រឹងមាំ និងសំខាន់លើបញ្ញាសិប្បនិម្មិត។ មានភាពមិនប្រាកដប្រជាជាច្រើន ប៉ុន្តែសក្តានុពលចំណេញក៏ធំណាស់ដែរ"

ដោយចែករំលែកការវាយតម្លៃមិន​អវិជ្ជមានពេកនៃយថា​ទស្សន៍សេដ្ឋកិច្ចពិភពលោក​នាពេល​បច្ចុប្បន្ន លោក Shantanu Mukherjee នាយកអង្គភាពវិភាគសេដ្ឋកិច្ច និងគោលនយោបាយ នៃនាយកដ្ឋានសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិ(DESA) បាន​ចាត់ទុកថា៖ «​ទោះបីជាយថាទស្សន៍មានភាពអាប់អួរក៏ដោយ ក៏នៅតែ​មានវិស័យ​មួយចំនួន​ដែលកិច្ចសហប្រតិបត្តិការអន្តរជាតិអា​ចបង្កើតភាពខុស​ប្លែក​គ្នា​ ដូចជា​៖ ប្រទេសនានាកំពុងប្រឈមមុខនឹងកម្លាំង​ចលករថ្មី ដើម្បីបង្កើតភាពធន់ មិនថាតាមរយៈការវិនិយោគលើថាមពលកកើតឡើងវិញ និងការសន្សំសំចៃថាមពល ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការ​អន្តរាគមន៍ចំគោលដៅតាមវិស័យ ឬការកែលម្អការកៀរគរនិងការប្រើប្រាស់ធនធានក៏ដោយ។ ទាំងអស់នេះសុទ្ធតែជាអាទិភាពរួម ដែលប្រព័ន្ធអន្តរជាតិ និងអង្គការសហប្រជាជាតិ (UN) អាចផ្តល់ការគាំទ្របាន»​។​

យោងតាមអ្នកជំនាញ​របស់អង្គការសហប្រជាជាតិ អាទិភាពបន្ទាន់បំផុតសម្រាប់សេដ្ឋកិច្ចជាច្រើន​ដែលរងផលប៉ះពាល់ដោយជម្លោះអូសបន្លាយនៅមជ្ឈិមបូព៌ាគឺការដោះស្រាយអតិផរណា ជាបញ្ហាដែលមាន​ផលប៉ះពាល់លឿនជាង និងដោយ​ផ្ទាល់ជាង ហើយគ្រួសារជាច្រើន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែតម្លៃ​កើន​ឡើង​ខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់​ត្រូវបានរំខាន៕​