នៅក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាបានដោះស្រាយបញ្ហាស្នូល ដើម្បីលុបបំបាត់ឧបសគ្គខាងស្ថាប័ន និងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីៗ។
បុព្វបទដ៏សំខាន់ៗសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
លទ្ធផលដ៏ធំធេងនិងសំខាន់បំផុតនៃសម័យប្រជុំនេះ គឺការសុក្រឹត្យក្បាលម៉ាស៊ីនរដ្ឋ។ រដ្ឋសភាបានបង្ហើយការបោះឆ្នោតនិងអនុម័តលើមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗ ដោយមានការឯកភាពខ្ពស់; រួមទាំងមុខតំណែងសំខាន់ៗដូចជា៖ ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា…។ ការសុក្រឹត្យក្បាលម៉ាស៊ីនតាំងពីសប្តាហ៍ដំបូង បានធានានូវស្ថិរភាព និរន្តរភាព និងដំណើរការយ៉ាងរលូននៃប្រព័ន្ធនយោបាយ ដែលបង្កើតបុព្វបទសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចវិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ លោកស្រី ង្វៀន ធី វៀត ង៉ា អនុប្រធានគណៈប្រតិភូសមាជិកសភា នៃទីក្រុងហៃហ្វុង បានថ្លែងថា៖ «សមាជិកសភាទាំងអស់ ក៏ដូចជាអ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេស រំពឹងថា ក្បាលម៉ាស៊ីនថ្មីនេះមានសមត្ថភាព ទំនុកចិត្ត និងការតាំងចិត្តគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលដៅទាំងអស់ដែលបានដាក់ចេញនៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបរិបទនៃពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើង និងខឿនសេដ្ឋកិច្ចបើកចំហរខ្ពស់។ ជាមួយនឹងក្បាលម៉ាស៊ីនថ្មីដែលមានបទពិសោធន៍ មានសមត្ថភាព និងការតាំងចិត្តគ្រប់គ្រាន់ ខ្ញុំជឿជាក់ថា វៀតណាមនឹងនៅតែរឹងមាំជានិច្ច»។
មិនដូចទម្លាប់នៃអាណត្តិមុនៗទេ តាំងពីសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី ១៦ បានបង្ហាញពីតួនាទីស្ថាបនា ដោយអនុវត្តការងារនីតិបញ្ញត្តិមួយចំនួនធំ ដែលក្នុងនោះ រួមទាំងសេចក្តីសម្រេចសំខាន់ៗលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងថវិការដ្ឋសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ នេះមិនត្រឹមតែជួយសម្រេចគោលដៅសេដ្ឋកិច្ចសង្គមដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់ការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងសម័យប្រជុំថ្មីនេះទៀតផង។ លោក Bui Hoai Son សមាជិកសភានៃគណប្រតិភូទីក្រុងហាណូយ បានចាត់ទុកថា៖ «នៅពេលដែលយើងកំណត់ចក្ខុវិស័យរយៈពេលប្រាំឆ្នាំសម្រាប់អាណត្តិរដ្ឋសភាទាំងមូល វាមានន័យថាយើងបានកំណត់ក្របខ័ណ្ឌ ស្ថាប័ន និងទិសដៅសំខាន់មួយដើម្បីអនុវត្តក្នុងដំណាក់កាលខាងមុខ។ ហើយនៅពេលដែលយើងមានចក្ខុវិស័យដ៏ធំ ជាមួយនឹងគោលដៅជាក់លាក់ នោះជារបៀបដែលយើងនាំយកគោលដៅទាំងនោះ ដូចជាកំណើនពីរខ្ទង់ ឬគោលដៅ ១០០ឆ្នាំ... ឱ្យកាន់តែខិតជិតជីវភាពជាក់ស្តែង តាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋសភា»។
ពីសាលប្រជុំរហូតដល់ការអនុវត្តជាក់ស្តែង
ភាពជោគជ័យនៃសម័យប្រជុំលើកទីមួយក៏ស្ថិតនៅក្នុងការរីកសាយភាយនៃទំនុកចិត្តពីសាលប្រជុំទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស។ ការពិភាក្សាមិនត្រឹមតែផ្តោតលើស្ថាប័ន គោលនយោបាយ ឬតួរលេខកំណើនប៉ុណ្ណោះទេ ប៉ុន្តែជានិច្ចកាលច្បាមជាប់ស្ថានភាពជាក់ស្តែង ដោយផ្តោតលើបញ្ហាបន្ទាន់ដែលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។ លោកស្រី ត្រឹន ធី ញី ហា អនុប្រធានគណៈកម្មាធិការទទួលបន្ទុកមតិប្រជាជននិងឃ្លាំមើលរបស់រដ្ឋសភា បាននិយាយតថា៖ «ការកែទម្រង់របស់រដ្ឋសភាមិនត្រឹមតែជាការកែទម្រង់សកម្មភាពប៉ុណ្ណោះទេ ថែមទាំងជាការកែទម្រង់ការត្រិះរិះអំពីនីតិបញ្ញត្តិ និងការឃ្លាំមើល ទៀតផង។ រដ្ឋសភាបានសុក្រឹត្យស្ថាប័ន កំណត់ឧបសគ្គដើម្បីលុបបំបាត់សម្រាប់ការអភិវឌ្ឍ និងចេញផ្សាយគោលនយោបាយដែលនៅជិតស្និទ្ធជាមួយប្រជាជន ច្បាមជាប់នឹងការលំបាកនិងឧបសគ្គនៃស្ថានភាពជាក់ស្តែង។ ទាក់ទងនឹងសកម្មភាពនិងប្រសិទ្ធភាព រដ្ឋសភាមានការទាមទារជាក់ស្តែងបន្ថែមទៀត ចំពោះរាល់សកម្មភាពរបស់រដ្ឋសភា ដែលត្រូវតែមានលទ្ធផលជាក់លាក់និងអាចវាស់វែងបាន។ ការឃ្លាំមើលត្រូវតែធ្វើឲ្យដល់ឫសគល់នៃបញ្ហា»។
ស្មារតីកែទម្រងយ៉ាងពិតប្រាកដនេះ បានបង្កើតបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព។ លោក Bui Hoai Son សមាជិកសភានៃគណប្រតិភូទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖ «សម័យប្រជុំនេះមិនត្រឹមតែជាការចាប់ផ្តើមនៃអាណត្តិរដ្ឋសភានីតិកាលទី១៦ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសម័យប្រជុំដែលបានធ្វើឡើងបន្ទាប់ពីការផ្លាស់ប្តូរគំរូរបស់ប្រទេសជាតិ នៅពេលដែលយើងមានអាជ្ញាធរមូលដ្ឋានពីរកម្រិត បង្រួមក្បាលម៉ាស៊ីន រៀបចំប្រទេសជាតិឡើងវិញ ហើយយើងបានដាក់ចេញគោលដៅ១០០ឆ្នាំច្រើន។ ដូច្នេះហើយ ការដាក់ចេញនូវផ្លូវដែកស្ថាប័ន បង្កើតផែនការរយៈពេលវែង ហើយឈរលើមូលដ្ឋាននោះ ធ្វើវិសោធនកម្មច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលនិងបើកចំហ ដើម្បីឱ្យប្រទេសជាតិមានច្បាប់ដែលមិនត្រឹមតែ "ជួសជុលផ្លូវ" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង "សាងសង់ផ្លូវ" ស្ថាបនា និងបង្កើតលក្ខ័ណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី»។
លទ្ធផលនៃសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បង្ហាញពីរដ្ឋសភាដ៏សកម្ម និងម៉ឺងម៉ាត់ ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
