សមាជិកសភាបានស្នើឡើងដំណោះស្រាយសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាល ២០២៦-២០៣០ ដោយធានាបាននូវកំណើន GDP ពីរខ្ទង់ជាប្រចាំឆ្នាំ។
ការដោះសោធនធានខាងស្ថាប័ន បង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ការដោះសោធនធានខាងស្ថាប័នគឺជាគន្លឹះដើម្បីបង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ដូច្នេះ ចាំបាច់ត្រូវបន្តកែទម្រង់ស្ថាប័នបន្ថែមទៀត ហើយធ្វើវិមជ្ឈការអំណាចឱ្យកាន់តែខ្លាំងដល់មូលដ្ឋាន ជាពិសេសគឺដីធ្លី និងការវិនិយោគឯកជន; ផ្តោតលើការសុក្រិតច្បាប់ស្តីពីដីធ្លី ការវិនិយោគសាធារណៈ និងបង្កើតតំបន់សុវត្ថិភាពផ្នែកច្បាប់សម្រាប់សហគ្រាស។ លោក Trinh Xuan An សមាជិកសភានៃខេត្ត Dong Nai បានស្នើថា៖
“ខ្ញុំស្នើឱ្យផ្លាស់ប្តូរការត្រិះរិះរបស់រដ្ឋ ពីការគ្រប់គ្រងសហគ្រាសទៅជាការអមដំណើរសហគ្រាស ដោយផ្តោតលើការកាត់បន្ថយហានិភ័យផ្នែកច្បាប់។ ក្នុងពេលជាមួយគ្នានោះ មានយន្តការជាក់ស្តែងដើម្បីឱ្យសហគ្រាសធុនតូចនិងមធ្យម អាចទទួលបានដើមទុន ដីធ្លី និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ។ នីតិវិធីរដ្ឋបាលក៏ត្រូវការកំណែទម្រង់បន្ថែមទៀត”។
វិស័យសេដ្ឋកិច្ចឯកជន ដែលត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់បំផុតនៃសេដ្ឋកិច្ច នៅតែត្រូវបានគេសង្កេតឃើញថា មិនទាន់មានក្របខ័ណ្ឌស្ថាប័នដ៏សក្តិសមសម្រាប់ដំណើរការ។ វិស័យយុទ្ធសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ នៅតែខ្វះខាតឬដាក់កំហិតលើតួនាតីនាំមុខគេរបស់សេដ្ឋកិច្ចឯកជន។ លោក Pham Trong Nhan សមាជិកសភាទីក្រុងហូជីមិញ បានផ្ដល់យោបល់ថា៖
"ខ្ញុំស្នើឱ្យរដ្ឋសភាដាក់បញ្ចូលក្នុងកម្មវិធីនីតិបញ្ញត្តិនូវក្រមច្បាប់ក្របខ័ណ្ឌមួយដែលមានលក្ខណៈជាមូលដ្ឋាន គឺច្បាប់ធានាសិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ ក្រមច្បាប់នេះគួរតែផ្តោតលើសសរស្តម្ភចំនួន៣។ ទីមួយ ដាក់បញ្ចូលក្នុងច្បាប់នូវគោលការណ៍សមភាព ជាក់ស្តែង និងស៊ីសង្វាក់គ្នា រវាងបណ្ដាសមាសភាគសេដ្ឋកិច្ច ចាប់ពីដីធ្លី ឥណទាន ទីផ្សារ។ល។ ទីពីរ បង្កើតតំបន់សុវត្ថិភាពផ្នែកច្បាប់សម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម និងការពារសិទ្ធិកម្មសិទ្ធិរយៈពេលវែង កាត់បន្ថយហានិភ័យជាអតិបរមាដែលកើតចេញពីការផ្លាស់ប្តូរគោលនយោបាយ។ ទីបី បង្កើតយន្តការឃ្លាំមើលតាមរយៈរបាយការណ៍ជាប្រចាំ របស់រដ្ឋាភិបាលដាក់ជូនរដ្ឋសភាស្តីពីការអនុវត្តសិទ្ធិរបស់វិស័យសេដ្ឋកិច្ចឯកជន ដើម្បីវាយតម្លៃវិស័យនេះឱ្យបានទូលំទូលាយ”។
ការផ្លាស់ប្ដូរថ្មីគំរូកំណើន ពីកំណើនតាមរយៈទទឹងទៅជាកំណើនតាមរយៈជម្រៅ
ទាក់ទងនឹងគោលដៅកំណើនពីរខ្ទង់ ពី ១០% ឡើងទៅក្នុងមួយឆ្នាំ ក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០ សមាជិកសភាបានចាត់ទុកថា នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ប៉ុន្តែជាផ្លូវដែលជៀសមិនរួច។ តាមទស្សនៈរបស់រដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានចាត់ទុកថា ដើម្បីបំពេញតម្រូវការនៃកំណើនខ្ពស់ ស្ថិរភាព ជាក់ស្ដែង និងប្រកបដោយចីរភាព រួមជាមួយនឹងដំណោះស្រាយដែលកំពុងត្រូវបានអនុវត្តន៍នាពេលបច្ចុប្បន្ន គ្មានផ្លូវណាក្រៅពីការផ្លាស់ប្ដូរថ្មីគំរូកំណើនទេ ហើយត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លាបំផុត ដើម្បីផ្លាស់ប្ដូរជាមូលដ្ឋាននូវរចនាសម្ព័ន្ធសេដ្ឋកិច្ច។
“គំរូកំណើនថ្មីត្រូវតែដំណើរការលើមូលដ្ឋានគ្រឹះនៃស្ថាប័នរីកចម្រើនទំនើប ប្រកួតប្រជែង វប្បធម៌នៃនវានុវត្តន៍ក្នុងសង្គមទាំងមូល គណនេយ្យសេដ្ឋកិច្ច និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាពនៅក្នុងសេដ្ឋកិច្ច។ ដូច្នេះ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១១ សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០ ជាមួយនឹងភារកិច្ចជាក់លាក់ចំនួន ៩២ និងភារកិច្ចដែលត្រូវអនុវត្តន៍ភ្លាមៗនៅឆ្នាំ ២០២៦ ដោយភ្ជាប់ទៅនឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់។ ក្នុងនោះ ចំណុចស្នូលគឺយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ធ្វើជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍ; អភិវឌ្ឍន៍កម្លាំងចលករថ្មីៗ ដោយផ្តោតលើសេដ្ឋកិច្ចទិន្នន័យ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ រដ្ឋាភិបាលក៏អនុវត្តន៍ក្រុមដំណោះស្រាយដើម្បីធ្វើអាជីវកម្មសក្តានុពលរបស់ប្រទេសជាតិឱ្យបានអតិបរមា ជាពិសេសនៅក្នុងឆ្នាំដំបូង នៅពេលដែលការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលមិនទាន់ផ្តល់លទ្ធផលភ្លាមៗនៅឡើយទេ។ ជាមួយគ្នានោះ លើកកម្ពស់តួនាទីរបស់សមាសភាគសេដ្ឋកិច្ចនានា រួមទាំងសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជន និងសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស ដោយផ្អែកលើការប្រកួតប្រជែងដោយយុត្តិធម៌ និងការតភ្ជាប់ខ្សែសង្វាក់តម្លៃជាមួយគ្នា”។
គំរូកំណើនថ្មីគឺជាកត្តាគន្លឹះ។ យោងតាមសមាជិកសភា ប្រការដ៏សំខាន់នោះគឺ មិនត្រឹមតែសម្រេចបានកំណើនពីរខ្ទង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរក្សាស្ថិរភាពរយៈពេលវែងទៀតផង។ លោកស្រី Ta Thi Yen សមាជិកាសភានៃខេត្ត Dien Bien បានផ្ដល់យោបល់ថា៖
“ប្រសិនបើយើងធ្វើតាមគំរូកំណើនចាស់ ដោយពឹងផ្អែកយ៉ាងខ្លាំងលើដើមទុន ធនធាន និងកម្លាំងពលកម្មថោក យើងទំនងជាមិនអាចសម្រេចបានគោលដៅទេ ហើយនឹងខ្វះនិរន្តរភាព។ ដូច្នេះ ត្រូវផ្លាស់ប្តូរកំណើនឱ្យផ្អែកលើផលិតភាព នវានុវត្តន៍ និងតម្លៃបន្ថែម ដោយសង្កត់ធ្ងន់ពិសេសលើតួនាទីរបស់សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ក៏ដូចជាទាញយកឱកាសពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ”។
រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដោយខិតខំសម្រេចបានកំណើន GDP ពី១០% ឡើងទៅសម្រាប់ឆ្នាំ២០២៦ និងជាមធ្យមរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ខណៈពេលដែលនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ; GDP ជាមធ្យមក្នុងមនុស្សម្នាក់ សម្រេចបាន ៨.៥០០ ដុល្លារអាមេរិកនៅឆ្នាំ ២០៣០ (១,៧ ដងនៃឆ្នាំ ២០២៥); រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព; លើកស្ទួយគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឱ្យប្រជាជនទទួលបានគ្រប់ផ្លែផ្កានៃការអភិវឌ្ឍ។ មានតែពេលនោះទេ ទើបអាចសម្រេចបានចក្ខុវិស័យឆ្នាំ២០៤៥ ដោយនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ និងមានឧស្សាហកម្មទំនើប ក្នុងចំណោមប្រទេសឈានមុខគេនៅអាស៊ី៕
