ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាជាច្រើននៅតែគំរាមកំហែងបញ្ឆេះជម្លោះនេះឡើងវិញ ដោយសារតែភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។
ការប្រកាសបញ្ចប់យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក ត្រូវបានលោកប្រធានាធិបតី ត្រាំ ធ្វើឡើង មុនពេលដែលកាលកំណត់ផ្លូវច្បាប់រយៈពេល ៦០ ថ្ងៃក្រោមសេចក្តីសម្រេចចិត្តស្តីពីអំណាចសង្គ្រាមឆ្នាំ ១៩៧៣ របស់អាមេរិក បានអស់សុពលភាព។
ការបោះជំហានយុទ្ធវិធី
នៅក្នុងលិខិតដែលផ្ញើទៅកាន់សមាជិកសភាអាមេរិកនៅថ្ងៃទី ១ ខែឧសភា លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់បានបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលសម្រេចបាននៅថ្ងៃទី ៧ ខែមេសា។ ដូច្នេះ សេចក្ដីប្រកាសរបស់លោកអំពីការបញ្ចប់យុទ្ធនាការយោធានៅអ៊ីរ៉ង់ មិនមែនដោយសារតែការព្រួយបារម្ភអំពីកាលកំណត់ផ្លូវច្បាប់រយៈពេល ៦០ ថ្ងៃក្រោមសេចក្តីសម្រេចចិត្តស្តីពីអំណាចសង្គ្រាមឆ្នាំ ១៩៧៣ ដែលចែងថា ប្រធានា ធិបតីអាមេរិកអាចដាក់ពង្រាយកងកម្លាំងយោធាបានត្រឹមតែ ៦០ ថ្ងៃប៉ុណ្ណោះ ដោយគ្មានការអនុញ្ញាតពីសភាអាមេរិកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីប្រកាសរបស់លោក ដូណាល់ ត្រាំ បានបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើន។ សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យបានចាត់ទុកថា សេចក្តីប្រកាសរបស់លោក ត្រាំ គ្រាន់តែជាការបោះជំហានយុទ្ធវិធីមួយដើម្បីបន្ធូរបន្ថយសម្ពាធផ្នែកច្បាប់ក្នុងស្រុកប៉ុណ្ណោះ ព្រមទាំងពន្យារពេលសម្រាប់យុទ្ធសាស្ត្រដាក់សម្ពាធផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។
ដោយចែករំលែកទស្សនៈនេះ លោកស្រី Katherine Yon Ebright អ្នកជំនាញខាងអំណាចសង្គ្រាមនៅមជ្ឈមណ្ឌល Brennan (សហរដ្ឋអាមេរិក) បានចាត់ទុកថា៖ "បទឈប់បាញ់ មិនត្រឹមតែមិនអាចបញ្ឈប់កាលកំណត់រយៈពេល ៦០ ថ្ងៃដែលមានចែងក្នុងសេចក្តីសម្រេចចិត្តស្តីពីអំណាចសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក្នុងអំឡុងពេលឈប់បាញ់ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅតែបន្តបិទខ្ទប់កំពង់ផែនានារបស់អ៊ីរ៉ង់។ ដូច្នេះ សកម្មភាពទាំងនេះបង្ហាញថា សេចក្តីសម្រេចចិត្តស្តីពីអំណាចសង្គ្រាម ទោះបីជាត្រូវបានបកស្រាយដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏ដោយ ក៏មិនត្រូវបានផ្អាកជាបណ្ដោះអាសន្នឬបញ្ចប់នៅឡើយ"។
សម្រាប់មជ្ឈដ្ឋានអ្នកសង្កេតការណ៍ ការជឿថាជម្លោះនៅមជ្ឈិមបូព៌ាបានបញ្ចប់ ដូចដែលលោក ដូណាល់ ត្រាំ បានអះអាង គឺមានសុទិដ្ឋិនិយមពេក។ មុននោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងផងដែរថា “ការពិភាក្សាដ៏វិជ្ជមាន” កំពុងប្រព្រឹត្តទៅជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកបានបន្ថែមការអត្ថាធិប្បាយថា “អ៊ីរ៉ង់មិនបង់ថ្លៃខ្ពស់គ្រប់គ្រាន់ទេ” ព្រមទាំងបានប្រកាសពីផែនការប្រើប្រាស់កងទ័ពជើងទឹកអាមេរិកដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីថ្ងៃទី ៤ ខែឧសភា។ បញ្ជាការដ្ឋានអាមេរិកនៅមជ្ឈិមបូព៌ាបានដាក់ពង្រាយកម្លាំងដ៏ធំមួយសម្រាប់យុទ្ធនាការនេះ រួមទាំងនាវាពិឃាតផ្ទុកមីស៊ីលនាំផ្លូវ យន្តហោះជាង ១០០ គ្រឿង ប្រព័ន្ធគ្មានមនុស្សបើក និងកងទ័ពប្រហែល ១៥ ពាន់ នាក់ផងដែរ។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា កាយវិកាទាំងនេះស្រដៀងនឹងការត្រៀមរៀបចំសម្រាប់ការកើនឡើងថ្មីម្ដងទៀតនៃភាពតានតឹង ជាជាងការបញ្ចប់ជម្លោះពិតប្រាកដ។
យុទ្ធសាស្ត្រហានិភ័យ
ហានិភ័យនៃការផ្ទុះឡើងវិញយ៉ាងឆាប់រហ័សនៃជម្លោះនៅមជ្ឈិមបូព៌ាកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃទី៤ ខែឧសភា ពោលគឺថ្ងៃដំបូងដែលកងទ័ពជើងទឹកអាមេរិកអនុវត្តន៍យុទ្ធនាការអមដំណើរនាវា ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលត្រូវបានបិទខ្ទប់នោះ ឧប្បត្តិហេតុនានាបានកើតឡើង។ អ៊ីរ៉ង់អះអាងថា គេបានបាញ់មីស៊ីលទៅលើនាវាចម្បាំងអាមេរិក ខណៈដែលអាមេរិកបាននិយាយថា បានបំផ្លាញនាវាប្រដាប់អាវុធល្បឿនលឿនជាច្រើនរបស់អ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានោះ នាវាដឹកទំនិញកូរ៉េខាងត្បូងមួយគ្រឿងត្រូវបានវាយប្រហារ និងឆេះនៅឈូងសមុទ្រពែរ្ស ហើយអ៊ីរ៉ង់បានបន្តការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងតំបន់ឧស្សាហកម្ម Fujairah នៅអេមីរ៉ាតអារ៉ាប់រួម ដោយមូលហេតុថា សកម្មភាពផ្សងព្រេងរបស់សហរដ្ឋអាមេរិកបានបង្កឱ្យមានការវាយប្រហារនេះ។
អ្នកជំនាញ Sanam Vakil ប្រធានកម្មវិធីមជ្ឈិមបូព៌ានៅវិទ្យាស្ថាន Chatham House (អង់គ្លេស) បានចាត់ទុកថា បច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងព្យាយាមសាកល្បងការស៊ូទ្រាំរបស់គ្នាទៅវិញទៅមកចំពោះការខូចខាត ដើម្បីដណ្ដើមបានអំណោយផលបំផុតក្នុងការចរចា។
“ខ្ញុំគិតថា មេដឹកនាំអ៊ីរ៉ង់បានគិតគូរ រយៈពេលវែងបានល្អជាងអ្វីដែលសេដ្ឋវិទូ និងអ្នកតាក់តែងគោលនយោបាយលោកខាងលិច បានទាយទុកពីមុន។ ពួកគេកំពុងពឹងផ្អែកលើប្រជាជនដែលប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន។ នេះជាអ្វីដែលប្រជាជនអ៊ីរ៉ង់ស៊ាំធ្វើ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរឿងនេះកាន់តែច្បាស់ចាប់តាំងពីជម្លោះផ្ទុះឡើង”។
យោងតាមលោកស្រី Sanam Vakil ការអនុវត្តយុទ្ធសាស្ត្រទាំងនេះមានហានិភ័យដ៏ធំ សម្រាប់ភាគីទាំងពីរ។ ចំពោះអ៊ីរ៉ង់ វាជាហានិភ័យនៃការដួលរលំសេដ្ឋកិច្ចដោយសារតែទណ្ឌកម្ម និងការឡោមព័ទ្ធ ចំណែកឯសម្រាប់សហរដ្ឋអាមេរិក វាអាចនាំឱ្យមានការជាប់គាំងកាន់តែជ្រៅនៅក្នុងជម្លោះ រួមជាមួយនឹងផលប៉ះពាល់លើប្រជាជនមួយផ្នែកធំ ដែលបណ្ដាលមកពីការហក់ឡើងនៃតម្លៃ។ ដោយចែករំលែកទស្សនៈនេះ លោក Joshua Landis នាយកមជ្ឈមណ្ឌលសិក្សាមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យ Oklahoma (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖ “ទីផ្សារភាគហ៊ុនអាមេរិកកំពុងស្ថិតនៅកម្រិតខ្ពស់ជាកំណត់ត្រា ហើយកំណើនរបស់សហរដ្ឋអាមេរិកមិនរងការរារាំងទេ ប៉ុន្តែប្រការនេះភាគច្រើន អាស្រ័យទៅលើបញ្ញាសិប្បនិម្មិត (AI) និងការវិនិយោគយ៉ាងច្រើនរបស់ប្រជាជននៅក្នុងវិស័យនេះ។ ទោះជាយ៉ាងនេះក្ដី ក្នុងពេលជាមួយគ្នានោះ ប្រជាជនអាមេរិកជាង ៥០% មិនចូលរួមក្នុងទីផ្សារភាគហ៊ុនទេ ហើយកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈកំពុងកើនឡើង ហើយនឹងបន្តបង្កឲ្យមានផលប៉ះពាល់ខ្លាំងជាងនេះទៅទៀត”។
បច្ចុប្បន្ននេះ ទីផ្សារពិភពលោកបានប្រែប្រួលគួរឱ្យកត់សម្គាល់បន្ទាប់ពីភាពតានតឹង កើនឡើងនៅច្រកសមុទ្រ Hormuz។ តម្លៃប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែកក្កដាបានកើន ៥,៨% ឡើងដល់ ១១៤,៤៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងអាមេរិកប្រភេទ WTI បានកើន ៤,៤% ឡើងដល់ ១០៦,៤២ ដុល្លារក្នុងមួយបារ៉ែល៕
