សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ តម្រូវឲ្យជំរុញការងារកម្មសិទ្ធិបញ្ញា ដោយចាត់ទុក នេះជាធនធានយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព; ជាធាតុស្នូលសម្រាប់ស្វ័យភាពយុទ្ធសាស្ត្រ និងការប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិ ដែលរួមចំណែកការពារសន្តិសុខជាតិ និងលើកកម្ពស់ឋានៈជាតិ។

តម្រូវការសំខាន់សម្រាប់ "ស្វ័យភាពយុទ្ធសាស្ត្រ" នៅក្នុងយុគសម័យបច្ចេកវិទ្យាថ្មី

ឈានដល់យុគសម័យនៃបញ្ញាសិប្បនិម្មិត (AI) ប្រទេសដែលមិនមានបច្ចេកវិទ្យាដើម ឬខ្វះសមត្ថភាពក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន ប្រទេសនោះនឹងយឺតយ៉ាវជារៀងរហូត ពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងរងផលប៉ះពាល់អវិជ្ជមានដោយការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ។ នៅក្នុងបរិបទនេះ សេចក្តីសន្និដ្ឋានលេខ ៥១ របស់ការិយាល័យនយោបាយ បានលើកកម្ពស់កម្មសិទ្ធិបញ្ញាទៅជារណសិរ្សសន្តិសុខស្នូល ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹង "ស្វ័យភាពយុទ្ធសាស្ត្រ" សំដៅការពារទិន្នន័យធំៗ អាថ៌កំបាំងពាណិជ្ជកម្ម និងការច្នៃប្រឌិតក្នុងស្រុកតាំងពីដំបូង និងពីចម្ងាយ។

ក្នុងពេលជាមួយគ្នានេះ នេះក៏ជា "លិខិតឆ្លងដែន" ចាំបាច់សម្រាប់សេដ្ឋកិច្ចបើកចំហរខ្ពស់ដូចជាវៀតណាម ដើម្បីធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ នៅពេលចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ទំនិញវៀតណាមត្រូវទៅដល់ទីផ្សារកាន់តែទូលំទូលាយដោយគ្មានហានិភ័យផ្នែកច្បាប់ ឬទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស គឺប្រព័ន្ធច្បាប់ក្នុងស្រុកត្រូវបំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹងបំផុត។ ការបង្កើតបរិយាកាសកម្មសិទ្ធិបញ្ញាប្រកបដោយសុវត្ថិភាព គឺជាវិធីសាស្ត្រដែលវៀតណាមអាចបញ្ជាក់ពីឋានៈនិងការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ប្រការគួរឲ្យកត់សម្គាល់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្មសិទ្ធិបញ្ញានៅវៀតណាម ត្រូវបានកំណត់ជារឿយៗ នៅក្នុងផ្នត់គំនិតគ្រប់គ្រងរដ្ឋបាល។ សេចក្តីសន្និដ្ឋានលេខ ៥១នេះ បានបង្កើតនូវរបកគំហើញដ៏សំខាន់មួយ ដោយតម្រូវឱ្យមានការផ្លាស់ប្តូរទាំងស្រុងទៅជាផ្នត់គំនិតកសាងប្រព័ន្ធអេកូឡូស៊ី ដែលធ្វើឱ្យកម្មសិទ្ធិបញ្ញាជាប្រភេទពិសេសនៃទ្រព្យសម្បត្តិសេដ្ឋកិច្ច។ ទ្រពសម្បត្តិកម្មសិទ្ធិបញ្ញាឥឡូវនេះត្រូវតែបានវាយតម្លៃយ៉ាងត្រឹមត្រូវ ដើម្បីឱ្យអាជីវកម្មអាចប្រើប្រាស់សម្រាប់គៀរគរដើមទុន ចូលរួមចំណែកក្នុងការបណ្តាក់ទុនរួមគ្នា និងលើកកម្ពស់ការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រទៅជាទ្រព្យសកម្មជាក់ស្តែង ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការទីផ្សារ។

យន្តការអន្តរស្ថាប័នដ៏រឹងមាំ

ការិយាល័យនយោបាយបានស្នើជាបន្ទាន់ឱ្យមានវិសោធនកម្មច្បាប់ ដើម្បីសម្របខ្លួន និងផ្សំជាមួយនឹងយន្តការអន្តរស្ថាប័នដ៏រឹងមាំ។ ប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការរំលោភបំពានច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការរំលោភបំពាននៅក្នុងលំហអ៊ីនធឺណិត មិនត្រឹមតែមានគោលបំណងការពារសហគមន៍ច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះគឺការកសាង "វប្បធម៌នៃការគោរពចំពោះកម្មសិទ្ធិបញ្ញា" នៅទូទាំងសង្គម។

យោងតាមស្ថានភាពជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយការរំលោភកម្មសិទ្ធិបញ្ញា។ ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងនគរបាល ឧត្តមសេនីយ៍ត្រី ង្វៀន កួក តាន់ បានថ្លែងថា កម្លាំងនគរបាលថ្មីៗនេះ បានណែនាំអំពីការសុក្រិតច្បាប់ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងការរំលោភកម្មសិទ្ធិបញ្ញា។ ក្រសួងនគរបាល ក៏កំពុងសម្របសម្រួលជាមួយក្រសួងយុត្តិធម៌ ដើម្បីបង្កើតឯកសារទាក់ទងនឹងច្បាប់ស្តីពីការដោះស្រាយការរំលោភរដ្ឋបាល និងការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ; អនុវត្តវិធានការដើម្បីរកឃើញ និងដោះស្រាយការរំលោភយ៉ាងតឹងរ៉ឹងក្នុងវិស័យកម្មសិទ្ធិបញ្ញា ដោយផ្តោតលើទង្វើរំលោភទាក់ទងនឹងការរក្សាកម្មសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិឧស្សាហកម្ម។

“ក្នុងរយៈពេលមួយខែកន្លងមកនេះ គេហទំព័រចំនួន ១៩៤ ត្រូវបានរាំងស្កាត់ ក្នុងនោះមានគេហទំព័រផ្សាយភាពយន្តចំនួន ៨ គេហទំព័រលក់ទំនិញតាមអ៊ីនធឺណិតចំនួន ២៧ ដែលរំលោភកម្មសិទ្ធិឧស្សាហកម្ម និងគេហទំព័រចំនួន ១៥៩ ដែលផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ ដែលរំលោភកម្មសិទ្ធិបញ្ញា; សម្របសម្រួលកម្លាំងក្នុងការត្រួតពិនិត្យ ការរកឃើញ និងការដោះស្រាយការរំលោភ។ ជាពិសេស កម្លាំងនគរបាលទូទាំងប្រទេសបានចោទប្រកាន់ចំនួន ៥៦ ករណី និងមានជនជាប់ចោទចំនួន ៩៨ នាក់ ពីបទរំលោភលើកម្មសិទ្ធិអ្នកនិពន្ធ សិទ្ធិពាក់ព័ន្ធ សិទ្ធិកម្មសិទ្ធិឧស្សាហកម្ម និងការផលិត លក់ទំនិញក្លែងក្លាយ”។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហ័ងឡុង បានថ្លែងថា៖​ “យើងនឹងផ្តោតលើការអនុវត្តបច្ចេកវិទ្យាឌីជីថលជាបញ្ហាស្នូល កសាងមូលដ្ឋានទិន្នន័យដែលមានទំនាក់ទំនងគ្នា និងការរឹតបន្តឹងការទទួលខុសត្រូវរបស់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ទាក់ទងនឹងសំណើនេះ លោកនាយករដ្ឋមន្ត្រីបានស្នើការអនុញ្ញាតឱ្យស្រាវជ្រាវ និងសាកល្បងប្រព័ន្ធកម្មវិធីសម្រាប់ការស្កេន និងរកឃើញទិន្នន័យដោយស្វ័យប្រវត្តិ ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីរកឃើញទីតាំងលក់ទំនិញតាមអ៊ីនធឺណិត ឬជួញដូរទំនិញក្លែងក្លាយយ៉ាងឆាប់រហ័ស ដោយផ្តល់ទិន្នន័យព្រមានជាមុនដល់កងកម្លាំងអនុវត្តន៍ច្បាប់សម្រាប់ការដោះស្រាយដល់ឬសគល់”។

សេចក្តីសន្និដ្ឋានឯកសារលេខ ៥១ របស់ការិយាល័យនយោនបាយ មិនមែនគ្រាន់តែជាឯកសារណែនាំវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានោះទេ ប៉ុន្តែនេះគឺជាការបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញានៅក្នុងគំរូកំណើនថ្មីរបស់វៀតណាម។ ការពង្រឹងការការពារកម្មសិទ្ធិបញ្ញាគឺជាកត្តាសំខាន់មួយដែលអនុញ្ញាតឱ្យប្រទេសជាតិសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ការពឹងផ្អែកលើខ្លួនឯងផ្នែកសេដ្ឋកិច្ច និងការពារប្រទេសតាំងពីដំបូង និងពីចម្ងាយនៅក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា៕