ក្នុងបរិបទដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី កំពុងស្វែងរកកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ នៅចំពោះមុខការវិវឌ្ឍន៍នៃស្ថានភាពពិភពលោកនោះ ដំណើរទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនានេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញការសន្ទនា បង្កើនការតភ្ជាប់ និងរួមចំណែកដល់ទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងដំណាក់កាលខាងមុខ។

រយៈ ៣៥ ឆ្នាំក្រោយពីការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនា (១៩៩១-២០២៦)​ អាស៊ាន និងរុស្ស៊ីកំពុងស្វែងរកកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីបន្តធ្វើឲ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រដែលភាគីទាំងពីរបានបង្កើតឡើងនាឆ្នាំ២០០៥។ ដូច្នេះ កិច្ចប្រជុំនៅ កាហ្សាន គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជួបពិភាក្សាគ្នាលើអាទិភាពសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ព្រមទាំងបង្កើនការតភ្ជាប់រវាងរុស្ស៊ី និងអាស៊ីអាគ្នេយ៍ផងដែរ។

តួនាទីរបស់វៀតណាមក្នុងទំនាក់ទំនងអាស៊ាន-រុស្ស៊ី

ក្នុងដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-រុស្ស៊ី វៀតណាមត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ យោងតាមលោក ដាំង មិញខយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី តួនាទីរបស់វៀតណាមជា «ស្ពានតភ្ជាប់» រវាងរុស្ស៊ីនិងអាស៊ាន ត្រូវបានបង្កើតឡើងនៅក្នុងប៉ុន្មានឆ្នាំដំបូងចាប់ពីការបង្កើតទំនាក់ទំនងរវាងភាគីទាំងពីរ។

“ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ វៀតណាមបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញទំនាក់ទំនងរុស្ស៊ី-អាស៊ាន ដោយគាំទ្រដល់ការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងស្ថាប័ននានារបស់អាស៊ាន។ វៀតណាមក៏មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញទំនាក់ទំនងរុស្ស៊ី-អាស៊ានឡើងដល់កម្រិតដ៏ខ្ពស់ជាង។ លើសពីនេះ នៅក្នុងអាស៊ាន វៀតណាមកំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និងមានសំឡេងសំខាន់ផងដែរ ដូច្នេះ តួនាទីរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងរុស្ស៊ី-អាស៊ានគឺមានលក្ខណៈវិជ្ជមាន និងស្ថាបនា ដែលទទួលបានការវាយតម្លៃខ្ពស់ពីទាំងប្រទេសរុស្ស៊ី និងប្រទេសអាស៊ាននានា”។

ក្នុងបរិបទនេះ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូល
អាស៊ាន-រុស្ស៊ី មិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់សម្រាប់វៀតណាមជាមួយនឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសដើម្បីវៀតណាមបន្តដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ីទៀតផង។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ដាំង ហ័ងយ៉ាង បានឲ្យដឹងថា៖

“វៀតណាមនឹងរួមជាមួយប្រទេសដទៃទៀត ជំរុញវិធីអភិក្រមដ៏ជាក់ស្ដែង មានតុល្យភាព និងឆ្ពោះទៅរកលទ្ធផលជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ ការផ្ដោតសំខាន់គឺការដោះសោវិស័យដែលមានសក្តានុពលជាច្រើន ប៉ុន្តែមិនទាន់ត្រូវបានធ្វើអាជីវកម្មពេញលេញនៅឡើយទេ ដូចជា៖ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល សន្តិសុខក្រៅប្រពៃណី ការអប់រំ ការបណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងជាពិសេសកិច្ចសហប្រតិបត្តិការថាមពល។ វៀតណាមក៏នឹងជំរុញគំនិតផ្តួចផ្តើមដែល​មានភាពអាចធ្វើទៅបានខ្ពស់ សមស្របនឹងតម្រូវការរបស់អាស៊ាន ក៏ដូចជាប្រៀបខ្លាំងរបស់រុស្ស៊ី និងតម្រូវការនៃស្ថានភាពបច្ចុប្បន្នផងដែរ”។

បន្តពង្រឹងទំនាក់ទំនងល្អរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធ
រុស្ស៊ីបានបន្តកត់សម្គាល់ការអភិវឌ្ឍវិជ្ជមាន។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់ និងការសម្របសម្រួលជាប្រចាំអំពីបញ្ហាអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មកំពុង ស្ដារសន្ទុះកំណើនឡើងវិញជាបណ្ដើរៗ ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៤,៧៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ និង ១,៧២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៦។ លើសពីនេះ វិស័យសហប្រតិបត្តិការដ៏មានអត្ថន័យយុទ្ធសាស្ត្រ ដូចជា៖ ថាមពល ប្រេងឧស្ម័ន ការពារជាតិ និងសន្តិសុខ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន បន្តត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជំរុញ ដែលបង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចការងារលើកដំបូងក្នុងឋានៈថ្មីរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហឹង ទៅកាន់សហព័ន្ធរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការរក្សាសន្ទុះអភិវឌ្ឍន៍ដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ព្រមទាំងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ការអនុវត្តទិសដៅសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញខយ បានចាត់ទុកថា៖

“នៅខាងក្រៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងមានជំនួបជាច្រើនជាមួយថ្នាក់ដឹកនាំនៃប្រទេសនានា រួមទាំងថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ីផងដែរ។ ចំណុចសំខាន់នៃជំនួបនេះ គឺដើម្បីពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីក្នុងរយៈពេលកន្លងមក និងពិភាក្សាអំពីទិសដៅនាពេលអនាគត។ ឆ្នាំ២០២៦ ជាឆ្នាំដ៏ស្វាហាប់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនង
វៀតណាម-រុស្ស៊ីឲ្យរីកចម្រើនយ៉ាងខ្លាំងក្លា មានប្រសិទ្ធភាព និងរឹងមាំលើគ្រប់វិស័យ ជាពិសេសនៅក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា”។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏ល្អប្រសើរដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក វៀតណាមបន្តបញ្ជាក់ពីតួនាទីជាដៃគូដ៏សកម្ម មានទំនួលខុសត្រូវ និងជាស្ពានដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហព័ន្ធរុស្ស៊ីក្នុងដំណាក់កាលថ្មី៕