កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ មានប្រធានបទ៖ “ឆ្ពោះទៅរក​អនាគតរួម​គ្នា​​” ដោយ​ផ្តោតការពិភាក្សា​លើ​អាទិភាពសំខាន់ៗចំនួនបី​​៖ មូលដ្ឋានសន្តិភាពនិងសន្តិសុខ; ច្រករបៀងអភិវឌ្ឍន៍; និងការប្រគល់​សិទ្ធិដល់ប្រជាជន។

អាស៊ានផ្លាស់ប្តូរ​ពី «​សម្របខ្លួន» ទៅជា «ម្ចាស់ការ​កំណត់រូបរាង»

នេះគឺជាកិច្ចប្រជុំកំពូលលើក​ដំបូងរបស់​អាស៊ាន​ក្នុង​ឆ្នាំ ២០២៦ និង​ជាពេល​វេលាដែលអាស៊ានឈាន​ចូលដំណាក់កាលអភិវឌ្ឍថ្មី បន្ទាប់ពីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ បញ្ហាសាកល្បងនាពេល​បច្ចុប្បន្នរបស់អាស៊ាន លែងត្រូវបានកំណត់​ចំពោះបញ្ហាប្រពៃណីដូចជាពាណិជ្ជកម្ម ឬការធ្វើសមាហរណកម្មក្នុងប្លុកទៀតហើយ ប៉ុន្តែបានពង្រីកដល់ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ​រវាងមហាអំណាចធំៗ ការរំខាននៃ​ខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល សន្តិសុខថាមពល និងហានិភ័យ​នៃការបែកបាក់សេ​ដ្ឋកិច្ចពិភពលោក​។ ក្នុងបរិបទនោះ ប្រធានបទដែលហ្វីលីពីន​បាន​ជ្រើស​រើស​ម្រាប់​ឆ្នាំប្រធានអាស៊ានឆ្នាំ២០២៦ – «ឆ្ពោះទៅរក​​អនាគតរួមគ្នា​» – បាន​ឆ្លុះបញ្ចាំងពីគោលជំហររបស់អាស៊ា គឺចង់បន្តដើរតួនាទីជា «អ្នកបើកបរ» ជាជាងការធ្លាក់ចូលទៅក្នុង​ការប្រកួតប្រជែងអន្តរជាតិ​។

ចំណុចគួរឱ្យកត់សម្គាល់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ គឺមិន​ត្រឹម​តែផ្តោតលើការរក្សាឯកភាពក្នុង​ប្លុក​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការកសាង​ភាពធន់ជាយុទ្ធសាស្ត្ររបស់អាស៊ាន​ទៀត​ផ​ង។ ប្រការ​នេះបាន​បង្ហាញថា អាស៊ានកំពុងផ្លាស់ប្តូរពីផ្នត់គំនិត «សម្របខ្លួន» ទៅជា «ម្ចាស់ការ​កំណត់​រូបរាង»។ ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង អាស៊ាន​​​​យល់ច្បាស់ថា ប្រសិនបើគ្មានស្វ័យ​ភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់នោះ​ទេ តំបន់ទាំងមូល​នឹង​ងាយរងគ្រោះចំពោះផលប៉ះពាល់ពី​ការ​ប្រកួតប្រជែង​អំណាច​សកល។ នៅក្នុង​កិច្ច​ប្រជុំ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានសង្កត់ធ្ងន់ថា៖ « ក្នុងបរិបទនៃការវិវឌ្ឍ​ទាំងនេះ អាស៊ានមិនបំ​ភ្លេចអាទិភាពទូលំទូលាយ និងយូរអង្វែងរបស់ខ្លួនឡើយ។ ជាមួយនឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២៦ របស់ហ្វីលីពីន គឺ «ឆ្ពោះទៅ​រក​អនាគត​រួម​គ្នា» អាស៊ានបាន​យល់ថា ការយកឈ្នះលើអស្ថិរភាពទាមទារទាំងភាពបត់បែន និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាសាកល្បង ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ​បន្តប្រដេញតាម​គោលដៅរយៈពេលវែងនៃសហគមន៍អាស៊ានឆ្នាំ ២០៤៥»។

កិច្ច​ប្រជុំ​លើក​នេះ ផ្តោតលើ​ទិសដៅសំខាន់ៗចំនួនបី​របស់អាស៊ានក្នុងឆ្នាំ ២០២៦ រួមមាន​៖ ការពង្រឹងកត្តាសំខាន់ៗសម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់​; ការពង្រីកច្រករបៀងវិបុលភាព និងសមាហរណកម្មសេដ្ឋកិច្ច; និងការជំរុញការ​ប្រគល់​សិទ្ធិ​ដល់ប្រជាជនអាស៊ាន។

វៀតណាម - ឯកសារយោង​ដ៏​មានប្រយោជន៍សម្រាប់ប្រទេសជាច្រើនក្នុងតំបន់

ក្នុងបរិបទដែលអាស៊ានកំពុងស្វែងរកកម្លាំង​ចលករថ្មី​សម្រាប់កំណើន វៀតណាម​បានលេចចេញជាតំណភ្ជាប់ដ៏សំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោកឡើងវិញ។ សមិទ្ធផលក្នុងការទាក់ទាញការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចបៃតង ជួយវៀត​​ណាម​ក្លាយជាគំរូសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់។ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចាត់ទុកថា៖ «សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងវាយតម្លៃ​ខ្ពស់ចំពោះអ្វីដែលវៀតណាមកំពុងធ្វើ។ ដូច្នេះហើយ យើងទន្ទឹងរង់ចាំមើលតួនាទី និងការរួមចំណែករបស់វៀតណាម ជាពិសេសនៅក្នុងទិដ្ឋភាពផ្សេង​ៗនៃអាស៊ាន។ អាស៊ានទើបតែចាប់ផ្តើមអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្ត្រថ្មីចំនួន ៤ ដូច្នេះយើងកំពុង​ស្ថិត​ក្នុង​ដំណាក់កាលដំបូងនៃចក្ខុវិស័យរយៈពេល ២០ ឆ្នាំនេះ។ ជាមួយនឹងថ្នាក់ដឹកនាំថ្មីនិងរឹងមាំពីវៀតណាម ខ្ញុំគិតថា ប្រការនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាស៊ាន។ ខ្ញុំជឿជាក់ថា វៀតណាមនឹងមានការ​រួមចំណែក​កាន់តែធំធេង​តាមវិធីផ្សេងៗគ្នាជាច្រើន»

ការចូលរួមរបស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុង​កិច្ច​ប្រជុំនេះក៏មានសារៈសំខាន់ពិសេស ដោយសារនេះជាសកម្មភាពការទូតពហុភាគីដំបូងបង្អស់របស់ប្រមុខ​រដ្ឋាភិបាលវៀតណាម​នីតិកាល​ថ្មី។ ប្រការ​នេះផ្ញើសារច្បាស់​លាស់​មួយថា អាស៊ានបន្តជាអាទិភាពយុទ្ធសាស្ត្រកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Ton Thi Ngoc Huong ប្រធានបេសកកម្មវៀតណាមប្រចាំ​នៅអាស៊ាន បានអះអាងថា៖ «វៀតណាមនឹង​បន្តចូលរួមចំណែក​យ៉ាងសកម្មជាមួយ​បណ្តា​ប្រទេសអាស៊ាន ដំបូងបង្អស់គឺលើក​កម្ពស់សមត្ថភាពឆ្លើយតបនិងសម្របសម្រួលរបស់អាស៊ាន នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញ​នៅក្នុងស្ថានភាពអន្តរជាតិ និងតំបន់។ វៀតណាម​បន្តសហការនិងចូលរួមចំណែកជាមួយ​បណ្តា​ប្រទេសអាស៊ាន ដើម្បីអនុវត្ត​ប្រកបដោយប្រសិទ្ធភាពរាល់​ផែនការយុទ្ធសាស្ត្រ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ នាំគោលដៅ និងផែនការរួមទាំងអស់របស់អាស៊ាន​ក្លាយ​ជាគោលដៅនិងផែនការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ហើយ​ទន្ទឹមនឹងនោះ ឆ្លៀត​យក​ជាអតិបរមានូវ​អត្ថប្រយោជន៍ដែលកិច្ចសហប្រតិបត្តិការនិងការធ្វើសមាហរណកម្មអាស៊ានអាចនាំមកជូនប្រជាជន និងអាជីវកម្មក្នុងស្រុក»

វៀតណាម ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន និងមានតុល្យភាព ត្រូវបានចាត់ទុកជាកត្តាដែលរួមចំណែកដល់ការរក្សាការឯកភាពក្នុង​ប្លុក ក៏ដូចជាពង្រឹងតួនាទី​មជ្ឍភាពរបស់អាស៊ាននៅក្នុងតំបន់​។ ការចូលរួមរបស់​លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅក្នុង​កិ្ចច​ប្រជុំ​កំពូល​អាស៊ាន​លើកនេះបាន​បញ្ជាក់ថា វៀតណាមមិនត្រឹមតែជាសមាជិកសកម្មប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពចូលរួមចំណែកក្នុងការ​កំណត់ទិសដៅ​អនាគត​នៃតំបន់​ទៀតផង​៕​