ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បង្ហាញពីការអនុវត្តសិទ្ធិកុមារទូទាំងប្រទេស និងបន្តអនុវត្តន៍ជាក់ស្តែងដំណើរការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ឆ្នាំ ១៩៩០។ រយៈពេល ៣៦ ឆ្នាំកន្លងមក មិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់វៀតណាមជា "អ្នកស្ថាបនា" ដោយចូលរួមយ៉ាងសកម្មក្នុងការបង្កើតបទដ្ឋាន និងស្ថាប័នពហុភាគីសម្រាប់អនាគតនៃយុវជនជំនាន់ក្រោយ។

ឆ្លងកាត់រយៈពេលជាងបីទសវត្សរ៍ចាប់តាំងពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ វៀតណាមបានបញ្ជាក់ពីឋានៈរបស់ខ្លួនជាសមាជិកដែលមានទំនួលខុសត្រូវ។ ចាប់ពីការប្តេជ្ញាចិត្តនៅក្នុងសភាអន្តរជាតិរហូតដល់សកម្មភាពនីតិបញ្ញត្តិជាក់ស្តែងនៅក្នុងប្រទេស វៀតណាមតែងតែខិតខំកសាងបរិយាកាសសុវត្ថិភាព យុត្តិធម៌ និងទូលំទូលាយសម្រាប់កុមារនៅចំពោះមុខបម្រែបម្រួលនៃសម័យកាល។

ចូលរួមចំណែកក្នុងការបង្កើតបទដ្ឋានសកល

នៅក្នុងវេទិកាពហុភាគី វៀតណាមបានបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមមានលក្ខណៈសម័យកាល។

នៅឆ្នាំ ២០១៤ វៀតណាមបានស្នើឡើង និងលើកកម្ពស់យ៉ាងសកម្មនូវការអនុម័តសេចក្តីសម្រេចស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិកុមារនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជាពិសេស ក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ (២០២០-២០២១) វៀតណាមបានចូលរួមសំឡេងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីការពារក្រុមងាយរងគ្រោះបំផុត ដោយរៀបចំសម័យប្រជុំ Arria លើកដំបូង ស្តីពីបញ្ហាកុមារដែលគ្មានការថែទាំពីឪពុកម្តាយក្នុងជម្លោះ ព្រមទាំងជំរុញការអនុម័តសេចក្តីសម្រេចលេខ ២៥៧៣ ស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាសាលារៀន និងមន្ទីរពេទ្យកុមារ។

ក្រៅពីបណ្តាវេទិកាសកល នៅកម្រិតតំបន់ វៀតណាមក៏ជាតំណភ្ជាប់សកម្មមួយក្នុងការធ្វើគោលនយោបាយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមបានចូលរួមក្នុងការបង្កើតកម្មវិធីអាទិភាពរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR); ធ្វើជាប្រធាននៃបណ្តាសិក្ខាសាលាក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរស្ត្រីនិងកុមារ (២០១៦) និងបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារពិការ (២០១៧)។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តអន្តរជាតិសំខាន់ៗ ដូចជាអនុសញ្ញាអាស៊ានស្តីពីការជួញដូរមនុស្ស (ACTIP) និងអនុសញ្ញាលេខ ១៣៨ និង ១៨២ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត។

អនុវត្តន៍ជាក់ស្តែងការប្តេជ្ញាចិត្តតាមរយៈសកម្មភាពជាក់ស្តែង

រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមមិនត្រឹមតែកំណត់ចំពោះសេចក្តីប្រកាសនយោបាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្ហាញដោយទិន្នន័យជាក់ស្តែងក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ បន្ទាប់ពីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) មុនកាលកំណត់ វៀតណាមបោះជំហានយ៉ាងរឹងមាំលើរបៀបវារៈឆ្នាំ ២០៣០ ជាពិសេសឆ្ពោះទៅរកការអប់រំបឋមសិក្សាជាសកល និងកាត់បន្ថយអត្រាមរណភាពរបស់កុមារអាយុក្រោមប្រាំឆ្នាំ។

សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតមួយគឺដំណើររយៈពេល ២៥ ឆ្នាំនៃការអនុវត្តអនុសញ្ញា លេខ ១៨២ របស់ ILO។ វៀតណាមបានកាត់បន្ថយអត្រាកុមារចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំងពី ៩,១% ក្នុងឆ្នាំ ២០១៨ មកត្រឹម ៣,៥% ក្នុងឆ្នាំ ២០២៣។ សមិទ្ធផលនេះបញ្ជាក់ពីទស្សនវិជ្ជាអភិវឌ្ឍន៍ខ្ជាប់ខ្ជួនរបស់វៀតណាមគឺ៖ កំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសមធម៌សង្គម និងការពារក្រុមងាយរងគ្រោះបំផុត។ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម លោកស្រី Silvia Danailov ប្រធានការិយាល័យតំណាង UNICEF ប្រចាំវៀតណាមបានថ្លែងថា៖

“វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ការវិនិយោគលើវិស័យសុខាភិបាល អប់រំ និងការពារ បានរូមចំណែកកែលំអរយ៉ាងខ្លាំងនូវអត្រារស់រានមានជីវិតរបស់កុមារ ព្រមទាំងបង្កើនលទ្ធភាពសេវាកម្មរបស់ប្អូនៗ សូម្បីតែនៅតំបន់ដាច់ស្រយាលក៏ដោយ។ ទន្ទឹមជាមួយគ្នានោះ បណ្តាប្រទេសបានពង្រឹងក្របខ័ណ្ឌច្បាប់របស់ខ្លួន រួមទាំងកិច្ចខិតខំប្រឹងប្រែងថ្មីៗដើម្បីការពារកុមារលើបណ្តាញអ៊ីនធឺណិត។

នៅចំពោះមុខរាល់បញ្ហាប្រឈមថ្មីៗ នៃយុគសម័យឌីជីថល វៀតណាមបានដាក់បញ្ចូលយ៉ាងឆាប់រហ័សនូវបញ្ហាការពារកុមារលើបណ្តាញអ៊ីនធឺណិតទៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ ពោលគឺ វៀតណាម រួមជាមួយប្រទេសអាស៊ាន អនុម័តលើសេចក្តីប្រកាសស្តីពីការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានតាមអ៊ីនធឺណិតគ្រប់ទម្រង់ទាំងអស់ក្នុងឆ្នាំ ២០១៩ និងបានអនុវត្តកម្មវិធីសកម្មភាពជាច្រើនដើម្បីបង្កើនសមត្ថភាពក្នុងការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត។ នៅក្នុងពិធីបើកខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២៦ ក្រោមប្រធានបទ "កុមាររីករាយ សុវត្ថិភាព និងបោះជំហានរឹងមាំក្នុងយុគសម័យឌីជីថល" អនុប្រធានរដ្ឋលោកស្រី វ៉ូ ធី អាញ់ សួន បានសង្កត់ធ្ងន់ថា៖

“មិនអាចទុកឲ្យកុមារវៀតណាមចំនួន ២៦ លាននាក់នេះ ឈានចូលទៅក្នុងបរិយាកាសឌីជីថលដោយគ្មានការអមដំណើរ ការកំណត់ទិសដៅ និងសមត្ថភាពក្នុងការការពារខ្លួនពីផលប៉ះពាល់អវិជ្ជមាន។ ដូច្នេះ ការផ្តល់ជំនាញឌីជីថល និងបំណិនជីវិតសម្រាប់កុមារនៅក្នុងលំហរអិនធឺណែតគឺចាំបាច់ខ្លាំងណាស់។ នៅពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើការអនុវត្តដំណោះស្រាយព្រមៗគ្នា សម្រាប់ការពារកុមារនៅក្នុងលំហរបណ្តាញ ហើយវិស័យអប់រំ និងភ្នាក់ងារពាក់ព័ន្ធត្រូវបង្កើនអប់រំលើជំនាញឌីជីថល ជំនាញស្វ័យការពារ និងការបង្ការហានិភ័យក្នុងលំហអ៊ីនធឺណិតសម្រាប់កុមារ”។

នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ ជាច្រើនពីការប្រែប្រួលអាកាសធាតុ ជម្លោះ និងការផ្លាស់ប្តូរឌីជីថល វៀតណាមបន្តបង្ហាញពីលក្ខណៈខ្ជាប់ខ្ជួនក្នុងការធានាថាកុមារទាំងអស់សុទ្ធតែបានរស់នៅដោយសុវត្ថិភាព ត្រូវបានការពារ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៕