កម្មវិធីនេះផ្តោតលើការបំពាក់ចំណេះដឹង និងជំនាញចាំបាច់ដើម្បីដោះស្រាយគ្រាអាសន្នប្រកបដោយប្រសិទ្ធភាពមុនពេលបុគ្គលិកពេទ្យមកដល់កន្លែង​កើតហេតុ។ ការបណ្តុះបណ្តាលរួមមាន៖ ការសង្គ្រោះបឋមជាយុទ្ធសាស្ត្រ ការទប់ស្កាត់ការហូរឈាម ការអបឆ្អឹងបាក់ វិធីសង្គ្រោះបេះដូង CPR ការដោះស្រាយករណីស្ទះផ្លូវដង្ហើម និងស្ថានភាពទូទៅនៅស៊ូដង់ខាងត្បូង ដូចជាគ្រុនក្តៅខ្លាំង ការខ្សោះជាតិទឹក ពស់ខាំ និងសត្វល្អិតខាំ។ ថ្លែងបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ អនុសេនីយ៍ឯក Muchayeverwa Dhabu ប្រធានក្រុម UNMO បានមានប្រសាសន៍ថា៖ «តាង​នាមកងកម្លាំងនៅក្នុងតំបន់ Bentiu ខ្ញុំសូមថ្លែងអំណរគុណដល់កង​ពេទ្យកម្រិត ២ របស់វៀតណាមសម្រាប់កម្មវិធីបណ្តុះបណ្តាល​ថ្ងៃ​នេះ។ នេះគឺជា​វគ្គ​បណ្តុះ​ប​ណ្តាលដ៏សំខាន់ពិសេស​សម្រាប់យើងខ្ញុំ​ ជាមន្រ្តីសង្កេតការណ៍យោធា​។ នៅពេលអនុវត្តបេសកកម្មនៅខាងក្រៅមូលដ្ឋាន រាល់​ស្ថានភាពណាមួយ​អាចកើតឡើង ហើយ​យើងអាចត្រូវការជំនាញសង្គ្រោះបឋមជាមូលដ្ឋាន នីតិវិធីជួយ​សង្គ្រោះ និងដឹកជញ្ជូន​ជនរងគ្រោះ (CASEVAC) ក៏ដូចជាការដឹកជញ្ជូនសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ»​។

ការ​រក្សាវគ្គបណ្តុះបណ្តាលជាប្រចាំមិនត្រឹមតែ​ជួយ​បង្កើនសមត្ថភាពការពារខ្លួនឯង និងការគាំទ្រ​មិត្ត​រួម​ក្រុម​ សម្រាប់កងកម្លាំងរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវរបស់ពេទ្យយោធាវៀតណាម ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់ទាហានមួកខៀវវៀតណាមដែលមានជំនាញវិជ្ជាជីវៈ និងការ​ទទួល​ខុស​ត្រូវខ្ពស់ នៅក្នុងបេសកកម្ម UNMISS៕​