ហេតុការណ៍នេះបានចាប់ផ្តើមបន្ទាប់ពី​លទ្ធផលស្មើ ០-០ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម Cape Verde ទល់នឹង​ក្រុម​អេស្ប៉ាញ នៅក្នុងការចូលរួមប្រកួត World Cup ជាលើកដំបូងរបស់ក្រុមនេះ។ បន្ទាប់ពីការប្រកួត អ្នកចាំទី Josimar Vozinha Dias បានចែករំលែកថា ម្តាយរបស់លោកមិនអាចមានវត្តមាននៅលើវេទិកាអ្នកទស្សនាបានទេ ដោយសារជួបការលំបាកក្នុងការសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក។​ រឿងរ៉ាវនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនយោបាយអាមេរិក។ ប្រមុខគណៈបក្ស​​ប្រជាធិបតេយ្យ​នៅសភាតំណាងរាស្ត្រ លោក​ Hakeem Jeffries បានចែក​រំលែកនៅលើបណ្តាញសង្គមថា លោក​បានទាក់ទងនឹង​រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ហើយបានស្នើឱ្យ​ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្តល់​ការ​គាំទ្រ​ដើម្បី​នាំម្តាយរបស់អ្នកចាំទីនៃក្រុម​ Cape Verde ទៅកាន់សហរដ្ឋអាមេរិកមុនការប្រកួតបន្ទាប់របស់ក្រុមនេះ​។

នៅក្នុងសេចក្តី​ប្រកាសមួយ​នាថ្ងៃទី១៧ ខែមិថុនា លោក Jeffries បានឱ្យដឹងថា ស្ថាប័ន​ពាក់ព័ន្ធបានសម្របសម្រួលការ​ដោះស្រាយឯកសារជា​បន្ទាន់ លើកលែងថ្លៃសេវា និងគាំទ្រនីតិវិធីចាំបាច់​ដើម្បីធានាថា លោក​ស្រីទទួលបាន​ទិដ្ឋាការទាន់ពេលវេលា។ យោងតាមផែនការ ម្តាយរបស់អ្នកចាំទី Josimar Vozinha Dias នឹងធ្វើដំណើរទៅកាន់ទីក្រុង Miami ហើយជួបជុំជាមួយកូនប្រុសរបស់ខ្លួនមុនការប្រកួតរវាងក្រុម Cape V​erde និងក្រុម Uruguay នៅចុងសប្តាហ៍នេះ៕