នេះគឺជាជំហានដំបូងនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីកំណត់យានយន្តដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលនៅក្នុងទីប្រជុំជន ខណៈពេលដែលលើកកម្ពស់ការផ្លាស់ប្តូរទៅជាការដឹកជញ្ជូនបៃតង ដែលរួមចំណែកដល់ការកែលម្អគុណភាពខ្យល់ និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ជាក់ស្តែង នៅក្នុងដំណាក់កាលទី ១ ទីក្រុងហាណូយបែងចែកតំបន់សាកល្បងជាពីរតំបន់ជាមួយនឹងវិធានការគ្រប់គ្រងផ្សេងៗគ្នា។ សម្រាប់តំបន់ទី ១ វិសាលភាពនៃការអនុវត្តរួមមានតំបន់វិថីដើរថ្មើរជើងបឹងហ័នគៀមទាំងមូល តំបន់វិថីបុរាណហាណូយ និងផ្សាររាត្រីហ័នគៀម។ សម្រាប់តំបន់ទី ២ វិសាលភាពនៃការអនុវត្តត្រូវបានពង្រីកដល់តំបន់វិថីបុរាណ និងតំបន់ជុំវិញបឹងហ័នគៀម។ នៅក្នុងតំបន់នេះ ទីក្រុងហាណូយនឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងលើយានយន្តដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ស្របជាមួយនឹងការរឹតបន្តឹងចរាចរណ៍ ទីក្រុងហាណូយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រជាជននៅពេលពួកគេប្តូរទៅប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ។ លើសពីនេះ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាជននៅក្នុងតំបន់ដែលមានការបំភាយឧស្ម័នទាប ទីក្រុងហាណូយកំពុងលើកលែងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរសាធារណៈដោយឡានក្រុង (មិនរាប់បញ្ចូលឡានក្រុងដែលបម្រើអាជីវកម្ម និងទេសចរណ៍) សម្រាប់ការធ្វើដំណើរក្នុងខ្សែក្រវ៉ាតទី១ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧៕

ទីក្រុងហាណូយបញ្ជាក់ថា មិនទាន់ហាមឃាត់យានយន្តប្រើប្រាស់សាំងនិងម៉ាស៊ូតទាំងអស់នៅក្នុងផ្លូវក្រវ៉ាត់ទី ១ (ដែលមានសង្កាត់ចំនួន៩៖ ហ័នគៀម កឿណាម បាឌិញ យ៉ាង វ៉ ង៉ុកហា តៃហូ អូ ចឹ យឿ ហាយបាទ្រឹង និងវ៉ាន់មៀវ - ក្វុកទឹយ៉ាម) នៅឡើយទេ ប៉ុន្តែនឹងអនុវត្តវិធីសាស្រ្តជាដំណាក់កាល ដោយរឹតបន្តឹងស្តង់ដារបំភាយឧស្ម័ន និងរឹតបន្តឹងយានយន្តនៅក្នុងតំបន់ជាក់លាក់មួយ និងនៅពេលវេលាជាក់លាក់រហូតដល់ឆ្នាំ២០៣០។

ដូច្នេះ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ ទីក្រុងហាណូយនឹងបន្តអនុវត្តដំណាក់កាលទី២ (ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧) ដោយពង្រីកកម្មវិធីសាកល្បងទៅកាន់សង្កាត់ហ័នគៀម និងកឿ ណាម។ ដំណាក់កាលទី ៣ (ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩) នឹងអនុវត្តចំពោះតំបន់ផ្លូវក្រវ៉ាត់លេខ ១ ទាំងមូល។ ចាប់ពីឆ្នាំ ២០៣០ ទីក្រុងហាណូយនឹងរក្សាប្រតិបត្តិការប្រកបដោយស្ថិរភាព និងបង្កើនប្រសិទ្ធភាពជាបណ្តើរៗ នៅទូទាំងតំបន់ទាំងមូល៕