ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដោយមានការចូល​រួម​ពី​ថ្នាក់​ដឹក​នាំបក្ស រដ្ឋ និង​រដ្ឋសភា រួម​ជាមួយប្រតិភូជាង ១០០០ នាក់ រួមទាំងតំណាងមកពីសាជីវកម្មនិងសហគ្រាសទាំង​ក្នុងស្រុកនិងអន្តរជាតិ។​

ថ្លែងនៅក្នុងសន្និសីទ លោកប្រធាន​រដ្ឋ​សភា ត្រិន ថាញ់មិន បាន​លើក​ច្បាស់ថា យោងតាមច្បាប់រដ្ឋធានីដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងហាណូយត្រូវបាន​ផ្តល់យន្តការពិសេសជាច្រើន ទាក់ទងនឹងវិមជ្ឈការ ការ ការ​គ្រប់គ្រង់ ការ​កៀងគរធនធាន ការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទីក្រុង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការទាក់ទាញការវិនិយោគ។ល។ ទាំងនេះ គឺជាឱកាសប្រវត្តិសាស្ត្រ​សម្រាប់រដ្ឋធានីដើម្បីបអភិវឌ្ឍន៍យ៉ាង​ខ្លាំង​ក្លា និងអនុវត្ត​​ផែនការ​មេ​រដ្ឋធានីហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ ប្រកបដោយជោគជ័យ។

«​ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ដែលបានកំណត់ ទីក្រុងហាណូយត្រូវយល់ច្បាស់ថា ផែនការនេះមានតម្លៃពិតប្រាកដ នៅពេល​ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ទីក្រុងហាណូយត្រូវប្រែក្លាយ​ទិសដៅនៃផែនការមេ​ ទៅជាកម្មវិធី គម្រោង និងការងារជាក់ស្តែងជាបន្ទាន់; យកប្រសិទ្ធភាពនៃការអនុវត្ត និងការកែលម្អជីវភាពរស់នៅ របស់ប្រជាជនជារង្វាស់នៃសមត្ថភាពអភិបាលកិច្ច»​។

លោកប្រធាន​រដ្ឋសភា​បាន​ស្នើ​ឱ្យ​ទីក្រុងហាណូយ​ ​ផ្តល់អាទិភាព​លើការទាក់ទាញការវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹ​កជញ្ជូនជាយុទ្ធសាស្ត្រ; បច្ចេកវិទ្យាខ្ពស់ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ; មណ្ឌលឧស្សាហកម្មជំនាន់​ថ្មី; ឡូជីស្ទិកឆ្លាតវៃ; ថាមពលស្អាត; សេដ្ឋកិច្ចវិលជុំ; ឧស្សាហកម្មវប្បធម៌; ទេសចរណ៍; សុខាភិបាល និងការអប់រំគុណភាពខ្ពស់​៕​

យោងតាមផែនការមេរដ្ឋធានីហាណូយ ចក្ខុវិស័យ ១០០ ឆ្នាំ ដំណាក់កាល ២០២៦-២០៣៥ ទីក្រុង​បាន​កំណត់គោល​ដៅ​កំណើនជាមធ្យមនៃ GRDP ជាង ១១% ក្នុងមួយឆ្នាំ ដោយមានទំហំ GRDP ឈានដល់ ២០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥ និងប្រហែល ៦៤០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៤៥។ ទីក្រុងហាណូយក៏ផ្តោតលើការអភិវឌ្ឍ​ការតភ្ជាប់តំបន់​តាមគំរូ "ស្នូល-ផ្កាយរណប"; កសាងប្រព័ន្ធផ្លូវដែកក្នុង​ទីក្រុងដែលមានប្រវែងសរុប ១.១៥៣ គីឡូម៉ែត្រ; បង្កើតស្ថាប័នពិសេសនៅប៉ូលកំណើន ដូចជា៖ តំបន់ពាណិជ្ជកម្មសេរីដែលភ្ជាប់ជាមួយទីក្រុងអាកាសយានដ្ឋានភាគខាងជើង និងតំបន់វិទ្យាសាស្ត្របច្ចេកវិទ្យាហ័រឡាក់; មហាវិថីទេសភាពទន្លេក្រហម - និមិត្តរូបថ្មីនៃការអភិវឌ្ឍរដ្ឋធានី; រួមជាមួយនឹងការតំរង់ទិសផែនការមេ​សម្រាប់អាកាសយានដ្ឋានទី២ -តំបន់ទីក្រុងខាងត្បូង និងដំណោះស្រាយសម្រាប់ការរៀបចចំទីក្រុងឆ្លាតវៃ - បៃតង - ប្រកបដោយចីរភាព ឆ្ពោះ​ទៅ​រក​​គោល​ដៅនៃ​ការបំភាយឧស្ម័ន​សុទ្ធ​ស្មើរ​នឹង «សូន្យ»​។

ការរៀបចំសន្និសីទពន្លឿនការវិនិយោគឆ្នាំ ២០២៦ និងប្រកាសផែនការមេ​រដ្ឋ ធានីហាណូយ ចក្ខុវិស័យ ១០០ ឆ្នាំ​ក្នុងពេលដំណាលគ្នា គឺជាព្រឹត្តិការណ៍មួយដែលតភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់រដ្ឋធានី; ផ្ញើសារដ៏រឹងមាំមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយក្នុងការបន្តកំណែទម្រង់ស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ៕​