កាលពីថ្ងៃទី ១៣ ខែកញ្ញា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីគាំទ្រជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនៃប្រទេសជាច្រើនដូចជា អាល្លឺម៉ង់ ហ្វាំងឡង់ អ៊ីតាលី និងទុយនេស៊ី ក៏បានបញ្ជូនជំនួយបន្ទាន់ទៅកាន់ប្រទេសលីប៊ីផងដែរ។
ក្រសួងការពារជាតិអ៊ីតាលីបានប្រកាសថា ប្រទេសនេះបានបញ្ជូនបុគ្គលិកនិងអ្នកជំនាញ ជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តទៅកាន់ប្រទេសលីប៊ី។ អេមីរ៉ាត់អារ៉ាប់រួម (UAE) បានបញ្ជូនយន្តហោះពីរគ្រឿងដឹកស្បៀងអាហារ ជំនួយសង្គ្រោះ និងសម្ភារៈវេជ្ជសាស្រ្តចំនួន ១៥០តោន ទៅកាន់ភាគខាងកើតប្រទេសលីប៊ី។ ប្រទេសអាល់ហ្សេរីបានបញ្ជូនយន្តហោះចំនួន៨គ្រឿងដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសលីប៊ី។ ទួរគី ក៏បានបញ្ជូនយន្តហោះចំនួន៣គ្រឿង ដែលដឹកក្រុមស្វែងរកនិងជួយសង្គ្រោះ និងជំនួយមនុស្សធម៌ទៅកាន់ប្រទេសលីប៊ីផងដែរ៕
