នាយប់ថ្ងៃទី២ ខែមករា ការរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់បានបន្តរង្គោះរង្គើរ តំបន់ភាគកណ្តាលប្រទេសជប៉ុននិងតំបន់ជុំវិញ ខណៈដែលអាជ្ញាធររបស់ប្រទេសនេះបន្តទទួលបានរបាយការណ៍អំពីការខូចខាត។ ក្នុងនោះ Wajima គឺជាទីក្រុងដែលរងការខូចខាតខាងមនុស្សច្រើនជាងគេ ដោយមានមនុស្ស ២៤នាក់បានស្លាប់ បន្ទាប់មកគឺ Suzu និង Nanao។ តាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ដោយសារតែមនុស្សជាច្រើនទំនងជាជាប់គាំងនៅក្នុងផ្ទះរាប់ពាន់ខ្នង ដែលបានដួលរលំដោយសារតែការរញ្ជួយដី។
លោក Yoshimasa Hayashi ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១៖០០ ព្រឹក ថ្ងៃទី ២ ខែមករា អាជ្ញាធរជប៉ុនបានជួយជម្លៀសមនុស្សចំនួន ៥៧.៣៦០ នាក់នៅទីតាំងចំនួន ៩៥៥ ក្នុងខេត្តដែលរងផលប៉ះពាល់នៃការរញ្ជួយដីគឺ Ishikawa និង Niigata ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខេត្តក្រុងចំនួន ១៦ ក្នុងតំបន់ Noto បានអត់ទឹកប្រើប្រាស់ទាំងស្រុង។ បច្ចុប្បន្ននេះ សមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនប្រហែល ១.០០០ នាក់មានវត្តមាននៅក្នុងតំបន់កើតមានការរញ្ជួយដី ដើម្បីអនុវត្តការងារជួយសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា ការងារជួយសង្គ្រោះជួបប្រទះការលំបាកជាច្រើន ដោយសារតែផ្លូវថ្នល់មានការកកស្ទះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងធ្ងន់ធ្ងរ៕
