ក្នុងជំនួបនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់​ថា វៀតណាម​មាន​បំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាលើគ្រប់វិស័យ ក្នុង​នោះ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាថ្មីៗ ការអប់រំ និងការបណ្តុះបណ្តាលជាដើម។

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា វៀតណាម និងឥណ្ឌាគួរតែបង្កើនការចែករំលែកព័ត៌មានជាយុទ្ធសាស្ត្រ ពង្រីកកិច្ចសហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត ការការពារហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម​បច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានបញ្ជាក់ថា ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់ ដោយមានការ​រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម។

ភាគីទាំងពីរបានឯកភាព លើកកម្ពស់ទំនាក់ទំនងរវាងសន្តិសុខ និងការអភិវឌ្ឍ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ដូចជាបញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ថាមពល និងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់។

នារសៀលថ្ងៃដដែល លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍​ជន​វៀតណាមនៅឥណ្ឌា។ ថ្លែងនៅក្នុងជំនួបនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា៖ «សម្រាប់សហគមន៍ធុរកិច្ច និងកម្មករ ខ្ញុំសង្ឃឹមថា អ្នកនឹងបន្តលើកកម្ពស់ស្មារតីស្វាហាប់និងភាព​ច្នៃប្រឌិត ដោយឆ្លៀត​យក​ឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យបានល្អ ដើម្បីរួមចំណែកដល់ការតភ្ជាប់ទីផ្សារ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ជនជាតិវៀតណាមគ្រប់រូបនៅឥណ្ឌា គឺជាឯកអគ្គរដ្ឋទូតប្រជាជន ដោយរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពរបស់​ប្រទេសជាតិ និងប្រជាជនវៀតណាម​។ ខ្ញុំក៏សង្ឃឹមថា អ្នកនឹងបន្តរក្សាអត្តសញ្ញាណវប្បធម៌ជាតិ រក្សាភាសាវៀតណាម បណ្តុះសេចក្តីស្រឡាញ់ចំពោះមាតុភូមិដល់យុវជនជំនាន់ក្រោយ ហើយទន្ទឹមនឹងនោះ ធ្វើសមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងវប្បធម៌របស់ប្រទេស​សាមី»។

បច្ចុប្បន្ននេះ សហគមន៍ជន​វៀតណាមនៅឥណ្ឌាមានចំនួនជាង ១២០០ នាក់៕