នាថ្ងៃទី៤ ខែឧសភា នៅក្នុងជំនួបធ្វើការជាមួយនាយកដ្ឋានវេជ្ជសាស្ត្រយោធា អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស ស្តីពីភារកិច្ចដែលបានកំណត់នៅក្នុង "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជន ពលី" (យុទ្ធនាការ ៥០០ថ្ងៃទាំងយប់) ឧត្តមសេនីយ៍ទោ ត្រឹន មិញ ឌឹក ប្រធានអគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស បានសង្កត់ធ្ងន់ថា យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ គឺជាយុទ្ធនាការពិសេសមួយ ដូច្នេះ ភ្នាក់ងារ និងអង្គភាពនានាត្រូវតែខិតខំសម្រេចគោលដៅ យុទ្ធនាការ ៥០០ថ្ងៃទាំងយប់។
ជាក់ស្តែងគឺ ភ្នាក់ងារនិងអង្គភាពនានាគួរតែអនុវត្តភ្លាមៗ ដូចជា៖ រៀបចំការជួសជុល ការធ្វើឱ្យប្រសើរឡើង និងដំឡើងគ្រឿងបរិក្ខារសម្រាប់ទទួល ថែរក្សា និងរក្សាទុកគំរូអដ្ឋិធាតុយុទ្ធជនពលីសម្រាប់ការធ្វើតេស្ត DNA; រៀបចំការជួសជុលហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ សមត្ថភាពខ្សែសង្វាក់ធ្វើតេស្ត AND ...។
មុននោះ យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ត្រូវបានឧបនាយករដ្ឋមន្ត្រីលោកស្រី ហ្វាម ធីថាញ់ ត្រា ប្រធានគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បំផុសឡើង។ ហើយ នេះជាលើកដំបូង ដែលការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីត្រូវបាន "ធ្វើយុទ្ធនាការបែបភាវូបនីយកម្ម" ក្នុងទ្រង់ទ្រាយថ្នាក់ជាតិ ដោយមានគោលដៅជាក់ស្តែង ពេលវេលាច្បាស់លាស់ និងការចល័តកម្លាំងស្របគ្នាចាប់ពីកងកម្លាំងផ្សេងៗ រួមទាំងយោធា អាជ្ញាធរមូលដ្ឋាន វិស័យវិទ្យាសាស្ត្រ និងសាច់ញាតិយុទ្ធជនពលី។
“ការងារស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាការបង្ហាញយ៉ាងជ្រាលជ្រៅនៃគោលការណ៍សីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" ដែលជាការទទួលខុសត្រូវនយោបាយដ៏ពិសិដ្ឋរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម និងជាការតបស្នងសង់គុណ ចំពោះជនដែលបានលះបង់ជីវិត ដើម្បីមាតុភូមិ”។
ការបំផុស "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់" មិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមសកម្មភាពនោះទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល។ លោកវរសេនីយ៍ឯក ឡេ ហុង វៀត ស្នងការនយោបាយនៃទីបញ្ជាការយោធាខេត្ត អនុប្រធានគណៈកម្មាធិការដឹកនាំកងវរសេនាធំលេខ ៥១៥ នៃខេត្តក្វាងទ្រី បានឲ្យដឹងថា៖ “ខេត្តក្វាងទ្រី ប្តេជ្ញាបង្ហើយគោលដៅស្វែងរកយុទ្ធជនពលីចំនួន ២៤០ នាក់ក្នុងរយៈពេល ៥០០ ថ្ងៃទាំងយប់។ ទាក់ទងនឹងការធ្វើតេស្ត DNA យើងកំពុងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងខ្លាំង ដោយមានផែនការជាក់ស្តែងសម្រាប់ដំណាក់កាលនីមួយៗ ដើម្បីនាំយុទ្ធជនពលីវិលត្រឡប់មកស្រុកកំណើត ជាមួយយុទ្ធមិត្តរបស់ខ្លួន”។
យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ មានគោលបំណងស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រមាណ ៧.០០០ នាក់ (ទាំងក្នុងនិងក្រៅប្រទេស) ពិនិត្យគំរូ DNA ប្រមាណ ១៨.០០០ កសាងមូលដ្ឋានទិន្នន័យហ្សែនរបស់សាច់ញាតិ និងក្នុងពេលដំណាលគ្នាសម្អាតតំបន់ដែលនៅតែមានគ្រាប់បែក មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម៕
