ក្រសួងការបរទេសអ៊ីរ៉ង់បានចាត់ទុកថា សហរដ្ឋអាមេរិកមិនម៉ឺងម៉ាត់ក្នុងការរបន្តវិធានការការទូតនោះទេ ហើយសកម្មភាពដូចជាការវាយប្រហារនាវាដឹកទំនិញអ៊ីរ៉ង់ ការបិទផ្លូវទ័ពជើងទឹក និងការពន្យារពេលកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភយ៉ាងច្បាស់លាស់។

នៅថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរចំពោះសន្តិសុខក្នុងតំបន់ និងសកលលោក ប្រសិនបើភាពតានតឹងនៅតែបន្ត។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif លោក Pezeshkian បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការរំលោភលើការសន្យា ការបន្តគោលនយោបាយដាក់សម្ពាធ និងសកម្មភាពមិនស៊ីសង្វាក់គ្នាទាំងក្នុងដំណើរការចរចា និងការអនុវត្តបទឈប់បាញ់។ លោកក៏បានថ្កោលទោសការបិទផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ ជា "ការបង្ករឿងហេតុនិងខុសច្បាប់" ដោយរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងដើរផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

នៅខាងសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានដឹកនាំអ្នកចរចាទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីត្រៀមរៀបចំសម្រាប់ការចរចាជុំបន្ទាប់ ប៉ុន្តែអ៊ីរ៉ង់មិនទាន់បញ្ជាក់ការចូលរួមនៅឡើយទេ។ លោកប្រធានាធិបតី ត្រាំ បានឲ្យដឹងថា លោកជឿជាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយអ៊ីរ៉ង់នឹងប្រសើរច្រើនដងជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលសម្រេចបានដោយក្រុម P5+1 (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់)៕