នៅក្នុងកាយវិកាមួយដែលត្រូវបានគេចាត់ទុកថា គឺសំដៅជំរុញដំណើរការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីបញ្ឈប់ជម្លោះនៅមជ្ឈិមបូព៌ានោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលថ្ងៃទី ៥ ខែឧសភា ថា ទីក្រុងវ៉ាស៊ីនតោនបានផ្អាកជាបណ្ដោះអាសន្នប្រតិបត្តិការយោធា "គម្រោងសេរីភាព" ដែលជួយនាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។
នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រតិបត្តិការធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ត្រូវបាន "ផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេលដ៏ខ្លី" ដើម្បីវាយតម្លៃថា តើភាគីនានាអាចបញ្ចប់និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបានឬអត់។ យោងតាមមេដឹកនាំអាមេរិក ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើពីប្រទេសប៉ាគីស្ថាន និងប្រទេសមួយចំនួនទៀត។
ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមប្រតិបត្តិការ “គម្រោងសេរីភាព” នៅថ្ងៃទី ៤ ខែឧសភា ដើម្បីបើកច្រករបៀងនាវាចរណ៍ដោយសុវត្ថិភាព សម្រាប់នាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់នេះ ហើយធ្វើឱ្យនាវារាប់រយគ្រឿងជាប់គាំង និងរំខានដល់ការដឹកជញ្ជូនថាមពលសកល។
កាលពីថ្ងៃទី ៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth បានបញ្ជាក់ថា បទឈប់បាញ់នៅមជ្ឈិមបូព៌ានៅតែមានសពុលភាពជាមូលដ្ឋាន ទោះបីជាស្ថានភាពមិនទាន់មានស្ថិរភាពពេញលេញក៏ដោយ៕
