![]() |
បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ រួមមាន ចិន រុស្ស៊ី បារាំង និងអាល្លឺម៉ង់ បានសម្តែងការព្រួយបារម្ភចំពោះការរំលោភបំពានលើការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងអះអាងថាភាគីនានា កំពុងស្វែងរកវិធី ដើម្បីជួយសង្គ្រោះស្ថានភាពនេះផងដែរ។
ក្នុងសេចក្តីប្រកាសមួយ បន្ទាប់ពីកិច្ចប្រជុំនេះ ប្រមុខទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការអនុវត្តរាល់ការសន្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកក៏បានឲ្យដឹងថែមទៀតថាសមាជិកទាំងអស់សុទ្ធតែអះអាងសារជាថ្មីម្តងទៀតនូវសារៈសំខាន់ក្នុងការរក្សាកិច្ចព្រមព្រៀងនេះ ពីព្រោះនេះគឺជាកត្តាដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅលើទូទាំងសកលោកផងដែរ៕

