ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិព័រណ៍ការពារជាតិ និងសន្តិសុខអាស៊ីលើកទី១៩ (DSA) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី គឺជាវិស័យដ៏សំខាន់មួយក្នុងទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរ។ ដោយសម្តែងនូវសេចក្តីសោមនស្សរីករាយ នៅពេលដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបើកការិយាល័យអនុព័ន្ធការពារជាតិអចិន្ត្រៃយ៍នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកក្នុងឆ្នាំ២០២៥ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមក ភាគីទាំងពីរបានអះអាងនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យនានាដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការស្វែងរកនិងជួយសង្គ្រោះ ការជំនះលើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងផ្នែកទ័ពនានា សន្តិសុខតាមអ៊ីនធឺណិត និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោក Musa Heybet អនុរដ្ឋមន្រ្តីក្រសួងការពារជាតិទួរគីបានមានប្រសាសន៍ថា ក្រសួងការពារជាតិទួរគីនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ៕