ស្ពាន Francis Scott Key ក្នុងរដ្ឋ Maryland បានដួលរលំនៅពេលដែលកប៉ាល់កុងតឺន័រ Dali ព្យួរទង់ជាតិសិង្ហបុរី ស្រាប់តែជាប់គាំង ហើយបានបុកប្រឡោះស្ពាន។ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់នៅក្នុងការបាក់ស្ពាន ហើយមកដល់ពេលនេះ មានតែសាកសពជនរងគ្រោះ២នាក់ប៉ុណ្ណោះត្រូវបានរកឃើញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្យាថា រដ្ឋាភិបាលសហរដ្ឋនឹងផ្តល់មូលនិធិដើម្បីសាងសង់ស្ពានឡើងវិញ។ តាមការប៉ាន់ស្មានថា តម្លៃនៃការសាងសង់ឡើងវិញស្ពានដែលបាក់រលំនោះ អាចឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារ។
ដោយមានប្រវែងជិត ៣ គីឡូម៉ែត្រ Francis Scott Key គឺជាសរសៃឈាមដឹកជញ្ជូនដ៏មមាញឹកបំផុតរបស់អាមេរិក។ ស្ពាននេះត្រូវបានសម្ពោធនៅខែមីនាឆ្នាំ ១៩៧៧។ ក្នុងមួយឆ្នាំៗ រថយន្តប្រហែល ១១,៥លានគ្រឿងឆ្លងកាត់ស្ពាននេះ៕
