បណ្តាប្រទេស BRICS សង្កត់ធ្ងន់ទៅលើតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក និងប្រឆាំងលទ្ធិគាំពារនិយម

នាថ្ងៃទី ២៨ ខែមិថុនា នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងអូសាកាប្រទេសជប៉ុននោះ ថ្នាក់ដឹកនាំបណ្ដាប្រទេស BRICS (រួមមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលក្នុងនោះមានតួនាទីរបស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ខឿនសេដ្ឋកិច្ចសកល និងសង្គ្រាមពាណិជ្ជកម្ម។

អញ្ជើញថ្លែងនៅទីនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា៖ ពិតណាស់ថា ពាណិជ្ជកម្មសកលចាំបាច់ត្រូវសមស្របនឹងការវិវឌ្ឍនៃយុគសម័យនេះ ។ យើងខ្ញុំចាត់ទុករាល់ឧបាយកលសំដៅបំផ្លាញ WTO ឬបន្ទាបឋានៈរបស់អង្គការនេះគឺសុទ្ធតែទទួលបរាជ័យ។ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានក្រើនរំលឹកថា នាបច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាព "គួរឱ្យព្រួយបារម្ភ" ខណៈដែលពាណិជ្ជកម្មសកលលោកកំពុងទទួលរងផលប៉ះពាល់ពីលទ្ធិគាំពារនិយម និងរាល់កំហិតមានចរិកលក្ខណៈនយោបាយ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាត់ទុកថា ការអភិវឌ្ឍសេដ្ឋកិច្ចសកលភាគច្រើន គឺស្ថិតក្រោមការសម្រេចដោយឯកតោភាគី។ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដោតសំខាន់លើការធ្វើកំណែទម្រង់ WTO សំដៅធានាសេដ្ឋកិច្ចសកលទទួលបានការអភិវឌ្ឍ
ប្រកបដោយតុល្យភាព៕