អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc។ (រូបថត៖ VOV) |
“ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញថា ភាគីទាំងពីរគោរពគ្នាទៅវិញទៅមក ក្នុងគោលនយោបាយកិច្ចការបរទេស ហើយក្នុងគោលនយោបាយចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ សម្រាប់សហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចនេះ បង្ហាញថា សហរដ្ឋអាមេរិកគោរពស្ថាប័ននយោបាយរបស់វៀតណាម គោរពតួនាទី របស់បក្សកុម្មុយនិស្តវៀតណាម របស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាម។ នេះក៏ជាសញ្ញាសម្គាល់ដ៏សែនសំខាន់មួយក្នុងដំណើរនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរដើម្បីសម្រេចបានបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ ដែលបានសម្ដែងក្នុងលិខិត ផ្ញើជូនប្រធានាធិបតីអាមេរិកលោក Harry Truman កាលពីខែកុម្ភៈ ឆ្នាំ ១៩៤៦ នោះគឺ វៀតណាមមានកិច្ចសហប្រតិបត្តិការ ពេញលេញជាមួយសហរដ្ឋអាមេរិក”។
អំពីវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម-អាមេរិកនាពេល ខាងមុខ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ពាណិជ្ជកម្ម និងវិនិយោគទទួលបានការយកចិត្តទុកដាក់ខ្ពស់ ហើយជាស្នូល មូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការទូទៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងផ្តោតលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ការផ្លាស់ប្ដូរថាមពល ជីវបច្ចេកវិទ្យា សុខាភិបាល ឱសថ សាស្ត្រ; ការដោះស្រាយផលវិបាកនៃសង្គ្រាម; ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ការលើកកំពស់សមត្ថភាពនាវាចរណ៍និងអាកាសចរណ៍; បង្កើនការ សម្របសម្រួលក្នុងវេទិកាតំបន់ និងអន្តរជាតិ ហើយរួមគ្នាដោះស្រាយបញ្ហាប្រឈមជា សកលនានាផងដែរ៕

