យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គម្រោងសហប្រតិបត្តិការចំនួន ៧ ក្រោមមូលនិធិពិសេសសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ដែលមានតម្លៃសរុប ១,៩ លានដុល្លារអាមេរិក រួមមាន៖ សហករណ៍ដាំដុះផ្សិត ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល; គម្រោងធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការចែករំលែកទឹកសម្រាប់អនាគតរួម - ដំណាក់កាលទី ២; លើកកំពស់លទ្ធភាពចូលកាន់ទីផ្សារក្នុងតំបន់តាមរយៈការច្នៃប្រឌិតវេចខ្ចប់នៅក្នុងប្រទេសមេគង្គ-ឡានឆាង; កម្មវិធីលុបបំបាត់ជំងឺរលាកថ្លើម (HEP); ឌីជីថលូបនីយកម្មទេសចរណ៍ផ្អែកលើសហគមន៍នៅក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីទាក់ទាញភ្ញៀវទេសចរចិន; កសាងសមត្ថភាពក្នុងបច្ចេកវិទ្យាបៃតង; គម្រោងបង្កើនសមត្ថភាពអំពីទិន្នន័យទឹក និងកិច្ចសន្ទនាក្នុងតំបន់ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់អាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជាក្នុងវិស័យជាច្រើន រួមទាំងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខភាព ទេសចរណ៍ និងការផ្លាស់ប្តូរឌីជីថល។ ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ កម្ពុជាបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
