អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧត្តមសេនីយ៍ឯក ត្រឹន កុង ទ្រឿង អនុប្រធាននាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារបច្ចេកទេស ក្រសួងការពារប្រទេសវៀតណាម បានឲ្យដឹងថា នេះគឺជាសកម្មភាពមួយដែលមានសារៈសំខាន់ខាងនយោបាយ សង្គម និងមនុស្សធម៌ខ្ពស់ ដើម្បីបង្ហាញពីការតបស្នងសង់គុណចំពោះជំនួយ និងការគាំទ្រពីប្រជាជន និងអាជ្ញាធរមូលដ្ឋានចំពោះកងទ័ពនៃប្រទេសទាំងពីរ។ សកម្មភាពនេះនឹងរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងពេទ្យយោធានិយាយដោយឡែក។

នៅខាងភាគីចិន លោកវរសេនីយ៍ឯក Xiao Jun នាយកមន្ទីរពេទ្យលេខ ៩២៤ និងជាប្រធានគណៈប្រតិភូវេជ្ជសាស្ត្រយោធាបានថ្លែងថា នៅក្នុងកម្មវិធីលើកនេះ ចិនបានជ្រើសរើសក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដែលមានសមត្ថភាពខ្ពស់ ដោយនាំយកឧបករណ៍ទំនើបៗ ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងវេជ្ជសាស្ត្រយោធាវៀតណាម សម្រាប់រៀបចំការពិនិត្យ ពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទូទៅ។ ក្នុងពេលជាមួយគ្នានេះ ផ្សព្វផ្សាយចំណេះដឹងអំពីការថែទាំសុខភាព ផ្តល់យោបល់ស៊ីជម្រៅលើជំងឺស្មុគស្មាញមួយចំនួន និងចូលរួមចំណែកក្នុងការលើកកំពស់គុណភាពថែទាំសុខភាពសម្រាប់ប្រជាជននៅតំបន់ព្រំដែន។

បន្ទាប់ពីពិធីបើក ក្រុមវេជ្ជសាស្ត្រយោធានៃប្រទេសទាំងពីរបានធ្វើការពិនិត្យទូទៅ ផ្តល់ការពិគ្រោះយោបល់សុខភាព ណែនាំអំពីការបង្ការជំងឺ និងវិធីសាស្ត្រព្យាបាលសមស្របសម្រាប់ករណីជាក់ស្តែងនីមួយៗ និងចែកចាយថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន។

ស្របគ្នានឹងសកម្មភាពពិនិត្យនិងព្យាបាលសុខភាពនៅវៀតណាម គណៈប្រតិភូវេជ្ជសាស្ត្រយោធានៃប្រទេសទាំងពីរក៏បានរៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជននៅទីប្រជុំជនដុងចុង ស្រុកហ្វាងឆេង ទីក្រុងកំពង់ផែហ្វាងឆេង តំបន់ស្វយ័តក្វាងស៊ីចុង (ប្រទេសចិន)៕