នាបច្ចុប្បន្ននេះ បណ្តាប្រទេសកំពុងចាត់បញ្ជូនបុគ្គលិកពេទ្យនិងបុគ្គលិកជួយសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសលីបង់ ដើម្បី ជួយប្រទេសនេះជំនះពុះពារលើគ្រោះមហន្តរាយនេះ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃទី ៥ ខែសីហាបានឲ្យដឹងថា ទីក្រុងតេហេរ៉ង់ត្រៀមខ្លួនបញ្ជូនបុគ្គលិកពេទ្យនិងថ្នាំសង្កូវដល់ប្រទេសលីបង់ ដើម្បីជួយ សង្គ្រោះឲ្យជនរងរបួសផងដែរ។

នាថ្ងៃដដែលនោះ កាតាបានចាប់ផ្តើមដឹកជញ្ជូនសម្ភារៈបរិក្ខាពេទ្យតាមយន្ដហោះទៅកាន់ទីក្រុង Beirut ដើម្បី សាងសង់ មន្ទីរពេទ្យបណ្តោះអាសន្ននៅទីនោះ។ នេះគឺជាជើងហោះហើរមួយក្នុងចំណោមជើងហោះហើរជួយសង្គ្រោះសុខាភិបាលចំនួន ៤ របស់ប្រទេសកាតា ដែលគ្រោងនឹងចុះចតនៅទីក្រុង Beirut នាថ្ងៃទី ៥ ខែសីហា។

ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប (EU) បានឲ្យដឹងថានឹងប្រញាប់ប្រញាល់ចាត់បញ្ជូនបុគ្គលិកជួយសង្គ្រោះ និងឧបករណ៍បរិក្ខាចាំបាច់ទៅកាន់ទីក្រុង Beirut ដើម្បីជួយឧបត្ថម្ភគាំទ្រក្នុងការស្វែងរក និងជួយសង្គ្រោះដល់អ្នកដែលជាប់គាំងនៅក្នុងគំនរបែកបាក់ផងដែរ៕