លោកបានអំពាវនាវឲ្យមានការគាំទ្រជាក់ស្តែងរបស់ប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន ក្រោយរយៈពេលជាង១ឆ្នាំនៃជម្លោះ។ យោងតាមលោក Austin សមាជិកក្រុមបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនសរុបចំនួនជាង៥៥ ពាន់លានដុល្លារ។
កាលពីម្សិលមិញផងដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៣៩លាន CAD (ស្មើនឹងជិត ២៩ លានដុល្លារ) ដល់អ៊ុយក្រែន និងការរួមចំណែកដល់មូលនិធិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្នុងការជួយឧបត្ថម្ភទីក្រុងគៀវ។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត អង្គការណាតូបានបញ្ជាក់ថា ខ្លួនមិនទាន់សម្រេចចិត្តលើសមាជិកភាពរបស់អ៊ុយក្រែននៅឡើយទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់កាលពីម្សិលមិញបានអះអាងថាប្រទេសសមាជិកណាតូបានឯកភាពថា បញ្ហាស្នូលនាបច្ចុប្បន្នគឺបន្តជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ដូច្នេះមិនទាន់មានការសម្រេចចិត្តលើការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងអង្គការណាតូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាបន្ត។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសសមាជិកទាំង ៥ របស់សហភាពអឺរ៉ុប (EU) ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី បានផ្ញើលិខិតរួមមួយទៅកាន់គណៈកម្មការអឺរ៉ុប (EC) ដែលស្នើសុំពង្រីកបញ្ជីផលិតផលអ៊ុយក្រែនដែលហាមឃាត់មិនឱ្យនាំចូលប្រទេសទាំងនេះ។ រដ្ឋមន្ត្រីទាំងនោះបានចាត់ទុកថា កានាំចូលផលិតផលកសិកម្មកាន់តែច្រើនពីអ៊ុយក្រែនបានបង្កឱ្យមានការរំខានដល់ទីផ្សារ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតកសិកម្មរបស់ EU ជាពិសេសនៅក្នុងប្រទេសសមាជិកជាប់ព្រំដែនអ៊ុយក្រែន ឬមានទីតាំងនៅជិតប្រទេសនេះ៕
