នៅថ្ងៃទី ៣ ខែកក្កដា ក្រុមជួយសង្គ្រោះវៀតណាមបានបន្តស្វែងរកជនរងគ្រោះដែលនៅតែជាប់គាំងនៅក្នុងគ្រោះរញ្ជួយដីចំនួនពីរលើកនៅក្នុងតំបន់ Playa Grande (រដ្ឋ La Guaira) នៃប្រទេសវេណេស៊ុយអេឡា និងបានទាញយកសាកសពជនរងគ្រោះចំនួន ១៥នាក់ បន្ថែមទៀតចេញពីគំនរបាក់បែក។ ដូច្នេះ រហូតមកដល់ពេលនេះ ក្រុមវៀតណាមបានរកឃើញ និងទាញយកសាកសពជនរងគ្រោះសរុបចំនួន ៤៥ នាក់ ចេញពីគំនរបាក់បែកដោយសារគ្រោះរញ្ជួយដី។
នៅថ្ងៃដដែលនោះ ឧត្តមសេនីយ៍ឯក ផាំ វ៉ាន់ទី អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ អគ្គសេនាធិការដ្ឋាន និងជាប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម បានអានលិខិតលើកសរសើររបស់នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនដល់កម្មាភិបាលនិងយុទ្ធជន ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារការរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា។ នៅក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានកត់សម្គាល់ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងសមិទ្ធផលរបស់កម្មាភិបាលនិងយុទ្ធជនដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា៕
