អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott នាថ្ងៃទី ១៥ ខែឧសភា បានប្រកាសថា លីបង់ និងអ៊ីស្រាអែល បានបន្តបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃទៀត ទោះបីជាមានជម្លោះជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសលីបង់ រវាងកងកម្លាំងអ៊ីស្រាអែល និងចលនាអ៊ីស្លាម Hezbollah ក៏ដោយ។
យោងតាមលោក Tommy Pigott បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃដែលមាន “ផ្លែផ្កា” នៅទីក្រុងវ៉ាស៊ីនតោន អ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បី “ពន្យាបទឈប់បាញ់ថ្ងៃទី ១៦ ខែមេសា បន្ថែមរយៈពេល ៤៥ ថ្ងៃទៀត ដើម្បីសម្រួលដល់វឌ្ឍនភាពបន្ថែមទៀត”។ ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារយៈពេលពីរថ្ងៃបន្ទាប់ (ថ្ងៃទី ២ និងទី ៣ ខែមិថុនា) ដើម្បីឈានដល់កិច្ចព្រមព្រៀងនយោបាយយូរអង្វែង។ លើសពីនេះ មន្ទីរបញ្ចកោណនឹងជួបជាមួយគណៈប្រតិភូមកពីយោធានៃប្រទេសទាំងពីរនៅថ្ងៃទី ២៩ ខែឧសភា។
តំណាងម្នាក់មកពីក្រសួងការបរទេសសហរដ្ឋអាមេរិក សង្ឃឹមថាកិច្ចចរចានាពេលខាងមុខ “នឹងលើកកម្ពស់សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ការទទួលស្គាល់ពេញលេញអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងការបង្កើតសន្តិសុខពិតប្រាកដតាមបណ្តោយព្រំដែនរួម”។
កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានពន្យាមុននោះ គ្រោងនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡានៅតែបន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅភាគខាងត្បូងប្រទេសលីបង់៕
