នារសៀលថ្ងៃទី៤ ខែមិថុនា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម និងស្ថាប័នពាក់ព័ន្ធនានា ស្តីពីគម្រោងផ្លាស់ប្តូរថ្មីគំរូអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីដាក់ជូនការិយាល័យនយោបាយពិនិត្យនិងផ្តល់មតិ ធ្វើជាមូលដ្ឋានសម្រាប់រាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដើម្បីចេញសេចក្តីសម្រេចចិត្ត។
បន្ទាប់ពីស្តាប់មតិយោបល់ និងការពិភាក្សា នៅក្នុងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ចក្ខុវិស័យនៃសេចក្តីសម្រេចចិត្តត្រូវផ្តោតលើសមត្ថភាពយូរអង្វែងរបស់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តគួរតែបង្កើតឡើងដោយផ្អែកលើការជ្រួតជ្រាបយ៉ាងស៊ីជម្រៅ ការទទួលមរតក និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវទិសដៅសំខាន់ៗដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយ។
ទាក់ទងនឹងទស្សនៈដឹកនាំ គំរូអភិវឌ្ឍន៍ថ្មីត្រូវតែដាក់មនុស្សជាចំណុចស្នូល ជាគោលដៅ ជាកម្លាំងចលករ និងជាប្រធានបទនៃការអភិវឌ្ឍ។ ចំពោះការទម្លុះទម្លាយនៅក្នុងគំរូអភិវឌ្ឍន៍ថ្មី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ចាត់ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងទិន្នន័យជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃដំណាក់កាលអភិវឌ្ឍន៍ថ្មី។ រៀបចំប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយភាពស៊ីសង្វាក់គ្នា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ទិន្នន័យ ស្តង់ដារ និងទីផ្សារ ដោយមានការចូលរួមស្នូលពីសហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនេះត្រូវបញ្ជាក់ពីទស្សនៈអភិវឌ្ឍន៍ស្នូលរបស់វៀតណាមក្នុងយុគសម័យថ្មី៖ ការកសាងសមត្ថភាពជាតិសម្រាប់នវានុវត្តន៍និងការសម្របខ្លួនដោយខ្លួនឯង។ សេចក្តីសម្រេចចិត្តនេះត្រូវតែមានលក្ខណៈត្រួសត្រាយផ្លូវ បង្កើតជាក្របខ័ណ្ឌសម្រាប់វៀតណាមឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ប្រកបដោយទំនុកចិត្ត ឫទ្ធានុភាព ភាពច្នៃប្រឌិត និងការទទួលខុសត្រូវ៕
