នាយករដ្ឋមន្ត្រីបានទទួលស្គាល់ វាយតម្លៃខ្ពស់និងកោត សរសើរចំពោះសកម្មភាពដ៏ឆ្លាតវៃនិងក្លាហានរបស់លោក Pham Quoc Luat លោក Nguyen Kim Long លោក Hoang Anh Tuan និងលោក Dong Van Tuan។ (រូបថត៖ chinhphu.vn) |
លិខិតរបស់នាយករដ្ឋមន្ត្រីបានសរសេរថា៖ អគ្គីភ័យដែលបានកើតឡើងនៅវិថី Trung Kinh សង្កាត់ Trung Hoa ខ័ណ្ឌ Cau Giay នាពេលថ្មីៗនេះ គឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ពិសេស ដែលបានបណ្ដាលឲ្យមនុស្ស ១៤ នាក់ស្លាប់។ លោក Pham Quoc Luat, Nguyen Kim Long, Hoang Anh Tuan និង Dong Van Tuan បានអង់អាចក្លាហាន មិនខ្លាចគ្រោះថ្នាក់ ដោយប្រើជណ្ដើរឡើងទៅលើជាន់ខ្ពស់ ហើយប្រើញញួរវាយ បំបែកជញ្ជាំង ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងអគ្គីភ័យដោយទាន់ពេលវេលា។
ក្នុងនាមរដ្ឋាភិបាល នាយករដ្ឋមន្ត្រីបានទទួលស្គាល់ វាយតម្លៃខ្ពស់និងកោត សរសើរចំពោះសកម្មភាពដ៏ឆ្លាតវៃនិងក្លាហានរបស់អ្នកទាំងអស់។ នេះជាគំរូដ៏ភ្លឺស្វាងនៃស្មារតីអង់អាចក្លាហាន វីរភាព និងសេចក្តីស្រឡាញ់របស់មនុស្សវៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងនគរបាល គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងស្ថាប័នពាក់ព័ន្ធត្រូវមានរបប គោលនយោបាយ និងការលើកសរសើរ និងប្រគល់ រង្វាន់ក្នុងទម្រង់ដ៏សក្តិសមសម្រាប់ប្រជាពលរដ្ឋដែលមានស្នាដៃឆ្នើមក្នុងការជួយសង្គ្រោះមនុស្សក្នុងអគ្គីភ័យនេះ៕

