ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រធានគណៈប្រតិភូមកពីសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១; ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំនេះ។

ប្រធានរដ្ឋលោក Vo Van Thuong បានចូលរួមកិច្ចប្រជុំចង្អៀតនៃមេដឹកនាំសេដ្ឋកិច្ច APEC។ រូបថត៖ TTXVN

ដោយប្រធានបទ “ការតភ្ជាប់ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងភាពធន់” កិច្ចប្រជុំបានអះអាងថា APEC ចាំបាច់ត្រូវបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងពិភពលោកដែលកំពុងប្រឈមនឹងហានិភ័យជាច្រើន។ ជាមួយគ្នានេះ អ្នកដឹកនាំមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដោយសេរី បើកចំហ តម្លាភាពប្រកបដោយបរិយាប័ន្ន; គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ជាមួយនឹងតួនាទីមជ្ឈភាពរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ APEC ចាំបាច់ត្រូវរក្សា និងបង្រួបបង្រួមសមិទ្ធិផលសំខាន់ៗក្នុងវិស័យសេរីភាវូបនីយកម្ម សម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅអាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក។ ទន្ទឹមនឹងនោះ សហការកសាងតំបន់មានភាពធន់ សេដ្ឋកិច្ចនីមួយៗអាចពឹងពាក់ខ្លួនឯងបាន ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម។ យ៉ាងណាមិញ សមាជិក APEC ត្រូវតែបើកចំហ ស្មោះត្រង់ និងមានការសន្ទនាក្នុងន័យស្ថាបនា ដើម្បីបង្កើនការយល់ដឹង បង្រួញគម្លាតនិងបង្កើតការស្រុះចិត្តគំនិតគ្នា។

ប្រធានរដ្ឋ លោក Vo Van Thuong ថតរូបជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC។ រូបថត៖ TTXVN

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការចូលរួម APEC វៀតណាមបានស្នើធ្វើជាម្ចាស់ផ្ទះនៃសកម្មភាពនៃឆ្នាំ APEC ២០២៧។ ថ្នាក់ដឹកនាំ APEC បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងខ្លាំងចំពោះសំណើរបស់វៀតណាម ហើយបានយល់ព្រមដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ។

បិទសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី ៣០ មេដឹកនាំបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីប្រកាស ខ្លោងទ្វារមាស “បង្កើតអនាគតប្រកបដោយនិរន្តរភាព និងពឹងផ្អែកលើខ្លួនឯងសម្រាប់ប្រជាជនទាំងអស់គ្នា”។ សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ក្នុងឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅប្រទេសប៉េរូ និងនៅឆ្នាំ ២០២៥ នៅប្រទេសកូរ៉េខាងត្បូង។

កាលពីយប់មិញ លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង San Francisco ហើយធ្វើដំណើរមកកាន់មាតុភូមិវិញ ដោយបញ្ចប់ដោយជោគជ័យ ដំណើរទៅចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ ២០២៣ និងរួមបញ្ចូលគ្នានូវសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក៕