ដោយមានប្រធានបទ៖ «សាមគ្គីភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍» មហាសន្និបាតមានការចូលរួមពីអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន; និងតំណាងផ្លូវការចំនួន ១.១៣៦នាក់ ដែលតំណាងឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជនជាតិ សាសនា កងកម្លាំងប្រដាប់អាវុធ ជនជាតិវៀតណាមនៅក្រៅប្រទេស និងកម្មាភិបាលរណសិរ្សគ្រប់លំដាប់ថ្នាក់។

អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗចំនួន ៥ សម្រាប់មហាសន្និបាតលើកយកមកពិភាក្សា ពិចារណា និងសម្រេចចិត្តក្នុងអាណត្តិឆ្នាំ២០២៦-២០៣១។ ក្នុងនោះ ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ប្រជាជនគឺជាឫសគល់»; ដាក់ប្រជាជនជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់; ពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស រដ្ឋ និងប្រព័ន្ធនយោបាយ; ពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន; អនុវត្តន៍យ៉ាងជាក់ស្ដែងនូវបាវចនា «ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល ប្រជាជនទទួលបានផល»។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មានប្រសាសន៍ថា៖

“យកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន ពង្រឹងការឯកភាពសង្គមពីកម្រិតមូលដ្ឋាន។ នៅពេលដែលប្រជាជនត្រូវបានយកចិត្តទុកដាក់ ការពារ គោរព ចូលរួម និងទទួលបានផលនោះ ទើបសាមគ្គីភាពមានឫសគល់ជ្រៅ ការឯកភាពគ្នាមានគ្រឹះរឹងមាំ ហើយទំនុកចិត្តមាននិរន្តរភាព។ រណសិរ្សមាតុភូមិ ត្រូវបន្តផ្លាស់ប្ដូរថ្មីសកម្មភាពថែទាំជនក្រីក្រ ជនងាយរង អ្នកដែលស្ថិតក្នុងស្ថានភាពលំបាក សហគមន៍ជនជាតិភាគតិច សហគមន៍សាសនា កម្មករ កសិករ ស្ត្រី យុវជន មនុស្សចាស់ កុមារ ជនពិការ និងជនវៀតណាមនៅក្រៅប្រទេសដែលកំពុងជួបការលំបាក។ កម្មវិធីសុខុមាលភាពសង្គម ត្រូវតែមានតម្លាភាព ចំមុខសញ្ញា និងស្ថិតនៅក្រោមការត្រួតពិនិត្យពីសង្គម។​ មិនត្រឹមតែផ្តល់ជំនួយឧបត្ថម្ភរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរករបរចិញ្ចឹមជីវិតប្រកបដោយចីរភាព ជំនាញ ការងារ ការអប់រំ ការថែទាំសុខភាព និងសមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងផងដែរ។ រណសិរ្សមាតុភូមិ ត្រូវតែលើកកម្ពស់តួនាទីគ្រប់គ្រងដោយខ្លួនឯងរបស់សហគមន៍ប្រជាជន; កសាងតំបន់លំនៅដ្ឋានដែលមានសាមគ្គីភាព សុវត្ថិភាព វិបុលភាព និងសុភមង្គល; កសាងគំរូគ្រប់គ្រងដោយខ្លួនឯងសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ ការការពារបរិស្ថាន ការលើកកម្ពស់ការអប់រំ ការថែទាំមនុស្សចាស់ ការការពារកុមារ និងការអភិរក្សអត្តសញ្ញាណវប្បធម៌”។

របាយការណ៍នយោបាយដែលបានបង្ហាញនៅក្នុងមហាសន្និបាតបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ដោយជួយជ្រោមជ្រែងចលនាប្រឡងប្រណាំង "រួមគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសឆ្នាំ ២០២៥" រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ៣០០.០០០ ខ្នង ដោយបានកៀរគរថវិកាជាង ៩៣៨ លានដុល្លារអាមេរិក ហើយសម្រេចបានគោលដៅមុនកាលកំណត់។ ជាពិសេស រណសិរ្សមាតុភូមិវៀតណាម បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធអង្គការ ខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួនយ៉ាងខ្លាំងក្លា ព្រមទាំងកែលម្អសមត្ថភាពរបស់ជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ផងដែរ៕