នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៣០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. ដែលលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន យល់ព្រមដាក់ពង្រាយយន្តការសហប្រតិបត្តិការទ្វេភាគីឱ្យបានពេញលេញ ក្នុងពេលឆាប់ៗនេះ។ ពិនិត្យយ៉ាងទូលំទូលាយកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០១៩ - ២០២៤ បង្កើតកម្មវិធីសកម្មភាពសម្រាប់រយៈពេលថ្មី...។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគអំណោយផល ដែល ភាគច្រើនជាវិស័យដែលភាគីទាំងពីរមានតម្រូវការ និងភាពខ្លាំងរបស់គ្នាទៅវិញទៅមក។

អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងបន្តលើកកម្ពស់តួនាទីនៃយន្តការកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងដែនសមុទ្រ...។

ទិដ្ឋភាពជំនួបពិភាក្សា (រូបថត៖ VOV)

នារសៀលថ្ងៃទី ៣០ មករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីហ្វីលីពីនបានធ្វើជាសហប្រធាននៃជំនួបជាមួយធុរកិច្ច មកពីវៀតណាម និងហ្វីលីពីន។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. បានជឿជាក់ថា អង្គភាពអាជីវកម្មហ្វីលីពីននឹងបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគនៅវៀតណាម។ ស្នើឱ្យភាគីទាំងពីរបន្តអភិវឌ្ឍវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រពៃណី ជាពិសេសវិស័យកសិកម្ម និងវិស័យមិនប្រពៃណីផ្សេងទៀត ដូចជាការរុករករ៉ែ ការវិនិយោគបច្ចេកវិទ្យាបៃតង ការតភ្ជាប់ការដឹកជញ្ជូន បច្ចេកវិទ្យា...។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរបំពេញបន្ថែមការលើកទឹកចិត្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលវៀតណាមសន្យាជានិច្ចកាលរួមដំណើរជាមួយ និងបង្កើតលក្ខខណ្ឌអំណោយផលតាមច្បាប់សម្រាប់អាជីវកម្មហ្វីលីពីនវិនិយោគប្រកបដោយជោគជ័យ និរន្តរភាព និងរយៈពេលវែងនៅវៀតណាម៕