ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្សិក នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួប សន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសនិងដៃគូនានា រួមមាន៖ អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ សាធារណរដ្ឋឆេក ប៉ូឡូញ ក្រិក គណៈកម្មការអឺរ៉ុប (EC) ក្រូអាត លីតវ៉ា ហូឡង់ លុចសំបួ និងក្រុមប្រឹក្សាអឺរ៉ុប។
ក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ការបំប្លែងថាមពល សេដ្ឋកិច្ចឌីជីថល និងកំណើនបៃតង។ អធិការបតី លោក Olaf Scholz បានបញ្ជាក់ថា អាល្លឺម៉ង់មានបំណងចង់សហ ការជាមួយវៀតណាម ដើម្បីជំរុញក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - អាល្លឺម៉ង់ ឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ជាក់ស្ដែង គ្រប់ជ្រុងជ្រោយ។ ភាគីទាំង ពីរក៏បានឯកភាពរក្សាការគាំទ្រ និងការសម្របសម្រួលគ្នាក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងពីរនិងលើ ពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។ (រូបថត៖ VOV) |
នៅក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ជាពិសេសក្រោយរយៈពេល១០ឆ្នាំបង្កើតទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ (២០១២-២០២២)។ ភាគីទាំងពីរបានឯកភាព ថា នឹងរួមគ្នាខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងវៀតណាម - EU ជំនះលើជំងឺរាតត្បាត កូវីដ-១៩ប្រកបដោយភាពរឹងមាំ ហើយឈានចូលទស្សវត្សរ៍អភិវឌ្ឍន៍ថ្មីជាមួយនឹងការ ផ្លាស់ប្តូរដ៏ខ្លាំងក្លាឆ្ពោះទៅរកទិសដៅបៃតង ស្អាត និងចីរភាពជាងមុន៕

