នាយប់ថ្ងៃទី៣ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ថ្លែងនៅក្នុងពិធីទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអង់ហ្គោឡា លោក Téte António មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសម្តែងក្តីសង្ឃឹមថា អង់ហ្គោឡានឹងក្លាយជាស្ពានមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងសហភាពអាហ្វ្រិក ហើយបានសម្តែងការត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងអង់ហ្គោឡា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកនាយករដ្ឋមន្ត្រីឡេ មិញហ៊ឹង បានស្នើឱ្យរដ្ឋាភិបាលអង់ហ្គោឡាបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មឧស្សាហកម្មនិងថាមពលជាតិវៀតណាម (PVN) និងសហគ្រាសវៀតណាមដែលកំពុងវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសអង់ហ្គោឡា។ ភាគីទាំងពីរគួរតែសម្របសម្រួលដើម្បីសម្រេចបានការចរចា និងចុះហត្ថលេខាលើឯកសារសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្ត និងការការពារការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ធ្វើពិពិធកម្មរចនាសម្ព័ន្ធនៃទំនិញនាំចូល និងនាំចេញ; សិក្សាស្រាវជ្រាវពីការបន្តកម្មវិធីសហប្រតិបត្តិការប្រពៃណីក្នុងវិស័យអប់រំ សុខាភិបាល កសិកម្មជាដើម។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋាភិបាលអង់ហ្គោឡាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស និងសហគមន៍ជនវៀតណាមនៅអង់ហ្គោឡា ដើម្បីរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព ចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា លោក Téte António បានឯកភាពខ្ពស់ចំពោះទិសដៅសហប្រតិបត្តិការទ្វេភាគីរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង; បង្ហាញពីបំណងចង់ឱ្យវៀតណាមបន្តអមដំណើរជាមួយអង់ហ្គោឡាក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្នុងវិស័យកសិកម្ម ការរុករកនិងកែច្នៃរ៉ែ៕
