ថ្លែងនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ការបង្កើតនាយកដ្ឋានឧបករណ៍គ្មានមនុស្សបើក មិនត្រឹមតែស្របតាមនិន្នាការអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រយោធាពិភពលោកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពកម្លាំងប្រយុទ្ធទាំងមូលរបស់កងទ័ពប្រជាជនវៀតណាម លើកកំពស់សមត្ថភាពឆ្លើយតបរហ័ស និងបត់បែនរបស់ខ្លួន។ នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យកម្មាភិបាល និងយុទ្ធជននៃនាយកដ្ឋានឧបករណ៍គ្មានមនុស្សបើក ត្រូវយល់យ៉ាងស៊ីជម្រៅអំពីទីតាំង និងសារៈសំខាន់នៃអង្គភាពប្រយុទ្ធទំនើប និងបច្ចេកវិទ្យាខ្ពស់។ តាមនោះ លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ជំនះរាល់ការលំបាក ដើម្បីបំពេញល្អភារកិច្ចនយោបាយ; បំពេញល្អការងារសេនាធិការយុទ្ធសាស្ត្រ ដល់គណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លើសកម្មភាពទាក់ទងនឹងឧបករណ៍គ្មានមនុស្សបើកក្នុងកងទ័ពទាំងមូល។

តាងនាមកម្មាភិបាល យុទ្ធជននៃនាយកដ្ឋាន វរសេនីយ៍ឯក ង្វៀន វ៉ាន់ ទ្រឿង ប្រធាននាយកដ្ឋានឧបករណ៍គ្មានមនុស្សបើក បានអះអាងថា៖ កម្មាភិបាល និងយុទ្ធជននៃអង្គភាពនឹងតែងតែសាមគ្គីភាព និងមានទំនួលខុសត្រូវខ្ពស់។ ធ្វើជាម្ចាស់លើឧបករណ៍ទំនើប សម្របសម្រួលជាមួយស្ថាប័ន អង្គភាពនិងមូលដ្ឋាន ដើម្បីបង្កើតផែនការប្រយុទ្ធរួមគ្នាដែលអាចបត់បែនបាន និងមានប្រសិទ្ធភាព ត្រៀមខ្លួនឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពសង្គ្រាមបច្ចេកវិទ្យាខ្ពស់ទាំងអស់៕