ដោយបញ្ជាក់ថា វៀតណាមជានិច្ច​កាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រ​ជួរមុខ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងបំណងចង់បន្ត​សហការជាមួយអាមេរិក ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែ​ជាក់​ស្តែង ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជា​វិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិ​នាពេល​កន្លងមកនេះ ហើយបានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការ កម្មវិធី និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការ​ដែលបានឯកភាព​គ្នា​; អនុវត្តន៍ជាក់​ស្តែង​នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ​មួយចំនួនដែលសម​ស្របតាមតម្រូវការ និងផលប្រយោជន៍របស់ភាគីនីមួយៗ។

រីឯខ្លួន​វិញ លោករដ្ឋមន្ត្រីស្តីទី ហ៊ុង កៅ បានបញ្ជាក់ថា សហរដ្ឋអាមេរិក​យក​ចិត្ត​ទុក​ដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម គាំទ្រប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួន​ទីពឹងខ្លួន និងវិបុលភាព ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់។ លោកបានសម្តែង​​បំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ​នាវា​ចរណ៍ លើក​កម្ពស់សមត្ថភាព ជំនួយមនុស្សធម៌ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការដោះស្រាយបញ្ហាប្រឈមរួម​នៃតំបន់៕​