![]() |
នាថ្ងៃទី ១៩ ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថាទីក្រុងឡុងដ៍នឹងដាក់ចេញរាល់ដំណោះស្រាយស្ដីពីបញ្ហា ដែលប្រទេសនេះចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែមិនប្រតិបត្តិ“តាមពេលវេលាកំណត់”ឡើយ។ សេចក្ដីប្រកាសដូចដែលបានពោលខាងលើត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ចេញ ប៉ុន្មានម៉ោងបន្ទាប់ ពីនាយករដ្ឋមន្រ្តីហ្វាំងឡង់លោក Antti Rinne បានចាត់ទុកថា ទីក្រុងឡុងត្រូវផ្តល់សំណើរជាក់ស្តែងជាលាយលក្ខណ៍អក្សរនាខែកញ្ញានេះ។
ទាក់ទិននឹងបញ្ហានេះ នាថ្ងៃទី ១៩ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) បានអះអាងថា គ្មានកាលបរិច្ឆេទ យ៉ាងច្បាស់លាស់ឡើយ អំពីពេលវេលាដែលអង់គ្លេសចាំបាច់ត្រូវលើកសំណើរជាផ្លូវការ សំដៅ បំបែកភាពជាប់គាំងនៅក្នុងដំណើរការ Brexit។ ទោះជាយ៉ាងណាក៏ដោយ EC បានសង្កត់ធ្ងន់ថា ពេលវេលាកំណត់នេះចាំបាច់ត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់ របស់ EU ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧-១៨ ខែតុលាខាងមុខ៕

