ថ្លែងជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Trump បញ្ជាក់ថា “យើងនឹងចាប់ផ្តើមការចរចារ “ដំណាក់កាលទី ២” ជាភ្លាមមួយរំពេក ហើយវានឹងចំណាយពេលខ្លះ”។
ការអត្ថាធិប្បាយនេះ បានបញ្ចេញប៉ុន្មានថ្ងៃមុនពេលដែលបេសកជនពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ដំណាក់កាលទី ១” ដែលគូសសញ្ញានូវជំហាន “ឈប់” នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលអូសចន្លាយក្នុងរយៈពេលជិតពីរឆ្នាំរវាងខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក។
នៅថ្ងៃដដែល ប្រទេសចិនក៏បានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីប្រទេសនេះលោក Liu He នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ដំណាក់កាលទី ១” ជាមួយសហរដ្ឋអាមេរិក។ នេះជាជំហានមួយដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មដែលបង្កការខូចខាតដល់ប្រទេសទាំងពីរ។
សូមរំលឹកថា នៅពាក់កណ្តាលខែធ្នូឆ្នាំ ២០១៩ ចិននិងអាមេរិកបានឯកភាពគ្នាអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម “ដំណាក់កាលទី ១” ដោយផ្អែកទៅលើគោលការណ៍យុត្តិធម៌និងការគោរពគ្នាទៅវិញទៅមក។ នេះគឺជាវឌ្ឍនភាពចុងក្រោយដើម្បីជួយដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ យោងតាមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងមិនដំឡើងពន្ធលើទំនិញចិនចំនួន ១៦០ ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននាថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ ព្រមទាំងដាក់កម្រិតពន្ធមួយចំនួនលើទំនិញរបស់ចិន។ ជាថ្នូរវិញ ចិនបានលុបចោលផែនការដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកដែលគ្រោងនឹងចូលជាធរមាននាថ្ងៃដដែល ព្រមទាំងបង្កើនការនាំចូលស្រូវសាលីនិងពោតរបស់សហរដ្ឋអាមេរិក៕
