ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានដកស្រង់សម្តីលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា ប្រធានាធិបតីទាំងពីររូបបានពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ជាពិសេសក្នុងបរិបទដែលលោកត្រាមនឹងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅប្រទេសទួរគី នៅថ្ងៃទី ៧-៨ ខែកក្កដាខាងមុខ។ លោក Ushakov បានបន្ថែមថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាផ្សេងទៀតដូចជាអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា ក្នុងអំឡុងពេលជំនួបសន្ទនាតាមទូរស័ព្ទអូសបន្លាយរយៈពេល ៨៥ នាទី។

មុននោះមួយថ្ងៃ នៅលើបណ្តាញសង្គម X ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបានពិភាក្សាជាមួយមេដឹកនាំអាមេរិក អំពីជម្លោះ ដែលអូសបន្លាយរយៈពេលជាងបួនឆ្នាំ នៅក្នុងប្រទេសអឺរ៉ុបខាងកើត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដោយចាត់ទុកជំនួបសន្ទនាតាមទូរស័ព្ទនេះថា "ល្អប្រសើរណាស់"។ លោកប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា ឥឡូវនេះមានទស្សនវិស័យជាក់ស្តែងមួយក្នុងការបញ្ចប់ជម្លោះ។ ភាគីទាំងពីរបានយល់ព្រមបន្តការពិភាក្សាលើបញ្ហានេះ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ា៕