ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Jerusalem លោក Bolton បានសង្កត់ធ្ងន់ថា ការដកកងទ័ពអាមេរិកចេញពីតំបន់ភាគខាងឦសាននៃប្រទេសស៊ីរី គួរតែធ្វើឡើង ដោយមានការធានាថាអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ត្រូវបានវាយឲ្យបរាជ័យ និងមិនអាចស្តារឡើងវិញ និងក្លាយជាការគំរាមបន្តទៀត។ លើសពីនេះទៀត លោក Bolton ក៏បានឲ្យដឹងថាអាមេរិក នឹងយកចិត្តទុកដាក់លើកងកម្លាំងដែលបានប្រយុទ្ធរួម ជាមួយអាមេរិក ក្នុងការប្រឆាំងនឹងអង្គការ IS និងក្រុមភារវកម្មផ្សេងៗទៀត។ មុននោះលោក John Bolton ក៏បានលើកឡើងនូវលក្ខណៈថ្មីមួយទៀតស្តីពីការដែលអាមេរិកដកកងទ័ពចេញពីស៊ីរី ហើយលោកអះអាងថាទួរគីត្រូវយល់ព្រមការពារសម្ព័ន្ធមិត្តជនជាតិ Kurd របស់អាមេរិកផងដែរ៕