ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកមាន “ពេលវេលា ពោរពេញទៅដោយអត្ថប្រយោជន៍” ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un (រូបថតៈ TTXVN)

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកមាន “ពេលវេលា ពោរពេញទៅដោយអត្ថប្រយោជន៍” ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ហើយបរិយាកាសពេលបញ្ចប់ជំនួបគឺ “ល្អណាស់!”។ យោងតាមលោក Trump ទស្សនៈវិស័យគ្មាននុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងកំពុងខិតមកជិតជាមួយគ្នាព្រមទាំងសង្កត់ធ្ងន់ថា នឹងពុំមានបន្ថែមបទដាក់ទណ្ឌកម្មថ្មីទៀត ចំពោះកូរ៉េខាងជើងឡើយ។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae – in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe តាមផ្លូវវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានអះអាងថា លោកនឹងបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចាត់ទុកថា មានមូលដ្ឋានដើម្បីអាចជឿជាក់ថា អាមេរិកនិងកូរ៉េខាងជើង អាចបោះជំហានទៅមុខ បើទោះបីជា ភាគីទាំងពីរនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយដើម្បីសម្រេចបានគោលដៅគ្មាននុយក្លេអ៊ែរក៏ដោយ។

មុននោះ ក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី២៨ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានអះអាងថា ប្រសិនបើភាគីទាំងពីរបានឆ្លងកាត់នូវកម្រិតជាច្រើនដើម្បីកសាងទំនុកទុកចិត្ត ព្យុងយ៉ាងនឹងត្រៀមជាស្រេចសម្រាប់ការគ្មាននុយក្លេអ៊ែរផងដែរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.ប. កូរ៉េ (KCNA) នៅក្នុងព្រឹត្តិប័ត្រព័ត៌មានពេលព្រឹកថ្ងៃទី១ខែមីនា ក៏បានអះអាងថា ជំនួបនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ជា “ឱកាសដ៏ល្អ” សម្រាប់កូរ៉េខាងជើងនិងអាមេរិកកែលំអទំនាក់ទំនងនិងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងពេលជាមួយគ្នានោះ សាធារណមតិក៏មានប្រតិកម្មវិជ្ជមាន ខណៈដែលវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង។ ពោលគឺ នាថ្ងៃទី២៨ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានចាត់ទុកថា ភាគីទាំងពីរបានបញ្ជាក់ពីភាពស្មោះត្រង់នៅឯជំនួបកំពូលលើកនេះ។ ចិនក៏សង្ឃិមថា កិច្ចសន្ទនានិងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើងនឹងបន្តលក្ខណៈស្ថាបនា។ រីឯវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវការសោកស្តាយ ដោយសារភាគីទាំងពីរមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ប៉ុន្តែក៏បានវាយតម្លៃថា ភាគីទាំងពីរសម្រេចបាន “វឌ្ឍនភាពមានអត្ថន័យជាងពេលណាៗទាំងអស់”។ ការដែលប្រធានាធិបតីអាមេរិក ត្រៀមជាស្រេចកិច្ចសន្ទនា នឹងនាំមកនូវយថាទស្សន៍ភ្លឺស្វាង សម្រាប់ជំនួបផ្សេងទៀតរវាងថ្នាក់ដឹកនាំទាំងពីរផងដែរ។

ថ្នាក់ដឹកនាំពីររូបនៅក្នុងបរិវេណនៃសណ្ឋាគារ Sofitel Legend Metropole នាព្រឹកថ្ងៃទី២៨ខែកុម្ភៈ (រូបថតៈ AFP)

ក្នុងថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong –un និងចាត់ទុក នេះជាសកម្មភាពបង្កើតឡើងមូលដ្ឋានគ្រឹះ សម្រាប់ការជំរុញសន្តិភាពចីរភាព ក៏ដូចជាដំណើការគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយពេញលេញ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកច្បាស់ថា រុស្ស៊ីវាយតម្លៃខ្ពស់ ចំពោះការដែលថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង មានសុឆន្ទៈជួបសន្ទនាទ្វេភាគី ព្រមទាំងសម្តែងការជឿជាក់ថា កិច្ចសន្ទនាត្រូវទទួលការគាំទ្រតាមរយៈវិធានការជាក់ស្តែងផងដែរ៕