ពិធីចុះហត្ថលេខាលើពិធីសារទី២ វិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (ប្រភព៖ លេខាធិការដ្ឋានអាស៊ាន)

សន្និសីទបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជាលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើសន្តិសុខស្បៀង និងសន្តិសុខថាមពល។

សន្និសីទបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើពិធីសារទី២ វិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងបានទទួលស្គាល់ការអភិវឌ្ឍនៃទិសដៅ និងអាទិភាពយុទ្ធសាស្ត្រ (ASDP) ក៏ដូចជាទិសដៅ និងអាទិភាពយុទ្ធសាស្ត្រវិស័យ (SSDP) របស់ AANZFTA។ កិច្ចប្រជុំនេះមានបំណងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ស្របតាមវិស័យសំខាន់ៗចំនួនបួនដែលបានកំណត់ក្នុងចក្ខុវិស័យអាស៊ានសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមានៈ ការតភ្ជាប់ កិច្ចសហប្រតិបត្តិការដែនសមុទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សេដ្ឋកិច្ច និងវិស័យដែលអាចកើតមានផ្សេងទៀត ដើម្បីលើកកម្ពស់ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក៕