លោក Stoltenberg បានធ្វើការអំពាវនាវខាងលើ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានអនុម័តជាផ្លូវការលើច្បាប់ទទួលស្គាល់សមាជិកភាពរបស់ស៊ុយអែតនៅក្នុងអង្គការណាតូ។ ដូច្នេះ នាបច្ចុប្បន្ន ហុងគ្រី គឺជាប្រទេសតែមួយគត់ ដែលមិនបានផ្តល់សច្ចាប័នលើសំណើរបស់ស៊ុយអែត ដើម្បីចូលជាសមាជិកណាតូ។

ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអញ្ជើញសមភាគីស៊ុយអែត លោក Ulf Kristersson ទៅកាន់ទីក្រុង Budapest ដើម្បីពិភាក្សាអំពីបញ្ហាខាងលើ។ លោក Kristersson បានទទួលយកសេចក្តីអញ្ជើញ។ ថ្លែងទៅកាន់ទូរទស្សន៍ស៊ុយអែត TV៤ នាយករដ្ឋមន្ត្រី លោក Kristersson បានចែករំលែកថា "ខ្ញុំសប្បាយរីករាយណាស់ដែលបានមកទីក្រុង Budapest... យើងមានរឿងជាច្រើនដែលត្រូវការពិភាក្សា... ប៉ុន្តែយើងមិនចរចាលើសមាជិកភាពណាតូនោះទេ មិនមានការចរចាណាមួយលើបញ្ហានេះទេ... ទោះជាយ៉ាងណាក៏ដោយ យើងអាចពិភាក្សាអំពីវិធីសហប្រតិបត្តិការឲ្យបានល្អបំផុតក្នុងក្របខណ្ឌនៃអង្គការណាតូ”៕