នាព្រឹកថ្ងៃទី ២៩ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិឆាងហ្គី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam និងភរិយា។ ក្នុងអំឡុងពេលនៅសិង្ហបុរី តបតាមការអញ្ជើញរបស់អគ្គនាយកនិងជានាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) លោក Bastian Giegerich អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងកិច្ចសន្ទនា Shangri-La នាថ្ងៃទី ២៩ ខែឧសភា។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម មកកាន់ប្រទេសសិង្ហបុរី លើកនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៅក្នុងវិស័យជាច្រើន ជាមួយនឹងដំណើរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ជាបន្តបន្ទាប់ តាមនោះរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ។
ចំណែកឯដំណើរទស្សនកិច្ចចូលរួមកិច្ចសន្ទនា Shangri-la នេះ គឺជាលើកដំបូងដែលមានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងវេទិកាការពារជាតិ និងសន្តិសុខមានកិត្យានុភាពឈានមុខនៅអាស៊ី និងពិភពលោក។
មុននេះ នាយប់ថ្ងៃទី ២៨ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូវៀតណាមជាន់ខ្ពស់ បានចាកចេញពីទីក្រុងបាងកក ដោយបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ៕
