បន្តសកម្មភាព ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី ៧ ខែឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងមុំបៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឈានមុខគេរបស់ឥណ្ឌា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកាពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍វៀតណាម-ឥណ្ឌា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសហគ្រាសជិត ៤០០ មកពីប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា វាដល់ពេលហើយសម្រាប់ការលើកកំពស់កិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌាដល់កម្រិតថ្មីមួយ - មិនត្រឹមតែពង្រីកទំហំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការកែលម្អគុណភាព ជម្រៅ និងតម្លៃយុទ្ធសាស្ត្រ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរឆ្លៀតយកលក្ខណៈបំពេញបន្ថែមនៃសេដ្ឋកិច្ចទាំងពីរឲ្យបានកាន់តែប្រសើរឡើង និងវិនិយោគលើវិស័យសំខាន់ៗ៖

“ខ្ញុំចង់សង្កត់ធ្ងន់ថា វៀតណាមមិនត្រឹមតែអំពាវនាវឱ្យមានការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែយើងរៀបចំលក្ខខណ្ឌល្អបំផុតដើម្បីអមដំណើរវិនិយោគិន។ យើងកំពុងពន្លឿនកំណែទម្រង់ស្ថាប័ន សម្រួលនីតិវិធីរដ្ឋបាល ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រងរដ្ឋ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ក្នុងពេលជាមួយគ្នានេះ វៀតណាមកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការវិនិយោគ រួមទាំងសួនឧស្សាហកម្ម តំបន់បច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងធនធានមនុស្សដែលមានគុណភាពខ្ពស់។ យើងសន្យាធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន បង្កើនការសន្ទនា និងបង្កើតបរិយាកាសអាជីវកម្មប្រកួតប្រជែងដែលមានតម្លាភាព និងភាពស្អាតស្អំ។ វៀតណាមមានបំណងមិនត្រឹមតែជាកន្លែងដែលសហគ្រាសមកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលសហគ្រាសអាចអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរយៈពេលវែងផងដែរ”។

ក្នុងឱកាសនេះ សមាគមនិងសហគ្រាសមកពីប្រទេសទាំងពីរបានពិភាក្សាលើការសម្របសម្រួលរៀបចំសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់អាជីវកម្ម;កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងវប្បធម៌ ទេសចរណ៍ និងការផ្សព្វផ្សាយរូបភាព ការផលិតខ្សែភាពយន្ត និងការតភ្ជាប់ទីផ្សារផងដែរ៕