យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ការផ្ទុះខ្លាំងៗជាច្រើនត្រូវបានឮចេញពីតំបន់ផ្សេងៗនៅភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីក្រុង Bushehr ដែលជាទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែដោយរុស្ស៊ីសាងសងឡើង ក៏ដូចជាទីក្រុង Konarak និង Choghadak។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈនៃការផ្ទុះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះ CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលបញ្ជាក់ថា កងកម្លាំងអាមេរិកនៅក្នុងតំបន់មិនទាន់ធ្វើប្រតិបត្តិការយោធាណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ ប្រការនេះបង្កើនការសង្ស័យនៅក្នុងមតិសាធារណៈអំពីលទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ ព្រោះថាមុននេះ ក្នុងសេចក្តីប្រកាសនារសៀលម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz បានបញ្ជាក់ថា យោធាប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើចាំបាច់។

ទាក់ទងនឹងប្រតិកម្មរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីការវាយប្រហាររបស់យោធាអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ៨-៩ ខែកក្កដា ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីប្រកាសមួយកាលពីរសៀលម្សិលមិញ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់យោធាអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានហៅការវាយប្រហារទាំងនេះថាជាអំពើ ឃោរឃៅ និងបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ៕